×

ខ្សែប្រយុទ្ធ Neymar នឹងត្រូវអវត្តមានជាច្រើនខែ ដោយសាររបួសសរសៃពួរជង្គង់

ខ្សែប្រយុទ្ធ Neymar នឹងត្រូវអវត្តមានជាច្រើនខែ ដោយសាររូបគេត្រូវការវះកាត់ បន្ទាប់ពីរងរបួសសរសៃពួរជង្គង់ឆ្វេង ACL ដែលរបួសនេះបានកើតឡើងអំឡុងពេលប្រកួតជម្រុះ FIFA World Cup 2026 ទល់នឹងក្រុមអ៊ុយរុយហ្គាយ។ នេះបើតាមការឱ្យដឹងពីសហព័ន្ធបាល់ទាត់ប្រេស៊ីល CBF។

កីឡាករវ័យ ៣១ ឆ្នាំ បានដួលបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយកីឡាករ Nicolas de la Cruz របស់អ៊ុយរុយហ្គាយនៅនាទីទី ៤៤ ដោយបានសង្កត់លើជើងឆ្វេងរបស់គេ។ ពេលកើតមានបញ្ហា Neymar បានបង្ហាញពីការឈឺចាប់យ៉ាងខ្លាំង ហើយក៏ត្រូវបានក្រុមសង្គ្រោះសែងចេញពីទីលានតែម្តង។ ការប្រកួតនោះ ប្រេស៊ីលបានចាញ់អ៊ុយរុយហ្គាយ ២-០។

Neymar ដែលបានចុះហត្ថលេខាជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal កាលពីខែសីហាត្រូវបានទទួលការស្កែន MRI ហើយបានរកឃើញថា របួសមានស្ថានភាពធ្ងន់ធ្ងរ។

ទាក់ទិននឹងរឿងនេះ CBF អំពីកាលបរិច្ឆេទដែលមិនអាចកំណត់បានចំពោះការវះកាត់ព្យាបាលរបួសរបស់ Neymar ខណៈក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងក្លិប Al-Hilal កំពុងទាក់ទងគ្នា ដើម្បីស្វែងរកដំណោះស្រាយ។

អាជីពរបស់ Neymar បានរងការញ៉ាំញីដោយសារជួបបញ្ហារបួសជាញឹកញាប់។ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ Neymar បានរងរបួសខ្នងក្នុងជ័យជម្នះ ២-១ ទៅលើក្រុមកូឡុំប៊ីនៅវគ្គ៨ក្រុម ដែលធ្វើឱ្យគេមិនអាចលេងក្នុងការប្រកួតដែលប្រេស៊ីលចាញ់អាល្លឺម៉ង់នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ៧-១ ឡើយ។
រីឯការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី Neymar បានរបួសម្តងទៀត ដែលវាបានរារាំងក្តីសុបិនរបស់គេក្នុងការឈ្នះ World Cup ។ នៅដើមឆ្នាំនោះ Neymar បានរងរបួសកជើងខាងស្តាំ។

រូបគេបានខកខានការប្រកួតចំនួន ១៦ដង សម្រាប់ក្រុម Paris St Germain នៅចុងបញ្ចប់នៃរដូវកាល ២០១៧-១៨ ហើយរូបគេមិនដែលមានកាយសម្បទារពេញលេញនោះទេ។

Neymar បានរងរបួសស្រដៀងគ្នាក្នុងឆ្នាំ ២០១៩ និង ២០២១។ កាលពីដើមឆ្នាំ២០២៣ នេះ រូបគេបានទទួលការវះកាត់កជើងខាងស្តាំ ដែលត្រូវប្រើរយៈពេល៥ខែ ដើម្បីឱ្យជាសះស្បើយ មុនពេលរូបគេចាកចេញពី PSG ដើម្បីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយ Al-Hilal ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង