×

លោក Jose Mourinho ទំនងចាកចេញពី AS Roma នៅចុងបញ្ចប់រដូវកាលនេះ

គ្រូបង្វឹក AS Roma លោក Jose Mourinho ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លិបដែលលេងនៅលីគបាល់ទាត់កំពូលអ៊ីតាលី នៅចុងបញ្ចប់រដូវកាលនេះ។

ជាក់ស្តែង អតីតគ្រូបង្វឹក Chelsea, Manchester United និង Tottenham Hotspur រូបនេះ កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួនជាមួយ Roma ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក។

បើទោះបីជាបាននាំចូលជម្រើសកីឡាករថ្មីៗជាច្រើនក៏ដោយ ក៏ក្រុមជើងឯករង UEFA Europa League ទើបតែឈ្នះបាន ៥ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតដំបូង នៅក្នុងក្របខណ្ឌ Serie A រដូវកាលនេះ ។

ការចាប់ផ្តើមមិនសូវល្អរបស់ Roma បាននាំឱ្យមានការលើកឡើងថា មុខតំណែងរបស់លោក Mourinho កំពុងស្ថិតនៅភាពមិនច្បាស់លាស់ ប្រសិនបើក្រុមរបស់លោកចាញ់ក្រុម Cagliari មុនពេល International Break ប៉ុន្តែនៅក្រោយការប្រកួតនោះពួកគេ បែរជាអាចទទួលជ័យជម្នះដោយលទ្ធផល ៤–១ ។

នៅពេលដែលត្រូវបានចោទសួរអំពីលទ្ធភាពដែលលោក Mourinho អាចចេញពីទឹកដី Stadio Olimpico នោះ មានការរាយការណ៍អោយដឹងថា ឱកាសបន្តការងាររបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ នឹងត្រូវបញ្ចប់ នៅចុងរដូវកាលនេះហើយ ចំពេលមានទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

កាលពីរដូវក្តៅមុន លោក Jose Mourinho ត្រូវបានទទួលការចាប់អារម្មណ៍ និង ទាក់ទងពីក្លិប Al Hilal ផងដែរ ប៉ុន្តែក៏ត្រូវបានលោក Mourinho បដិសេធ។ យ៉ាងណាក៏ដោយ ក្លិបនៅក្របខណ្ឌ Saudi Pro League ត្រូវបានរំពឹងថា នឹងត្រៀមដាក់សំណើជាថ្មីម្តងទៀតទៅកាន់លោក Jose Mourinho ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ ដោយនឹងទទួលបានប្រាក់ឈ្នួលប្រមាណ ១០៤លានអឺរ៉ូ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង