×

កីឡាករហូឡង់ Max Verstappen ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី United States Grand Prix

ម្ចាស់ជើងឯកពិភពលោក ៣សម័យ Max Verstappen បានទទួលជ័យជម្នះនៅក្នុងការប្រកួតប្រណាំងរថយន្ត F1 កម្មវិធី United States Grand Prix ដែលបានធ្វើឡើងនាទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។

ជាការពិត ការប្រកួតនេះ កីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នា ជិះចំនួន ៥៦ជុំទីលាន ដែលមានចម្ងាយផ្លូវប្រមាណ 308.405 គីឡូម៉ែត្រ។

ក្នុងនោះដែរ Max Verstappen សមាជិកក្រុម Red Bull Racing បានចាយពេលអស់ ១ម៉ោង ៣៥នាទី និង២១វិនាទី ចុច៣៦២ ដើម្បីបញ្ចប់ទីព្រ័ត្រ។ នេះជាជ័យជម្នះទីលានទី១៥ របស់ជើងឯកពិភពលោកឆ្នាំ២០២៣នេះ ដែលតាមស្មើកំណត់ត្រារបស់គេធ្វើបានកាលពីរដូវកាល២០២២ ហើយរូបគេត្រូវបានជឿថា នឹងអាចបំបែកកំណត់ត្រានេះផងដែរ ខណៈការប្រកួតនៅសល់ដល់ទៅ៤ទីលានទៀត ទើបបញ្ចប់រដូវកាល២០២៣។ សម្រាប់ចំណាត់ថ្នាក់លេខ២នៅក្នុងការប្រកួតបានទៅលើកីឡាករអង់គ្លេស Lando Norris របស់ក្រុម McLaren ដោយយឺតជាង ១០វិនាទី ចុច៧៣០ ហើយកីឡាករអេស្ប៉ាញ Carlos Sainz របស់ក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ១៥វិនាទី ចុច១៣៤។

នៅតារាងពិន្ទុសរុបវិញ Max Verstappen មាន ៤៦៦ពិន្ទុ ខណៈកីឡាករម៉ិកស៊ិក Sergio Pérez នៅលេខ២ មាន២៤០ពិន្ទុ ហើយកីឡាករអង់គ្លេស Lewis Hamilton នៅលេខ៣មាន ២០១ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី United States Grand Prix គឺជាទីលាន ១៨ ក្នុងចំណោម ២២ នៃការប្រណាំងរថយន្ត F1 ប្រចាំរដូវកាល២០២៣។ យ៉ាងណា ការប្រកួតដែលនៅសល់៤ទីលានទៀតនោះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ព្រោះម្ចាស់ជើងឯកពិភពលោកឆ្នាំ២០២៣ បានរកឃើញរួចទៅហើយ។ ការប្រកួតជាបន្ត ទីលានទី១៩ ជាកម្មវិធី Mexico City Grand Prix ធ្វើឡើងនាទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ថ្ងៃទី ២៩ ខែតុលាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង