×

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ជាកីឡាករបាល់ទាត់រកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២៣

ទស្សនាវដ្តីពាណិជ្ជកម្មដ៏ល្បីបំផុតរបស់ពិភពលោក Forbes កាលពីពេលថ្មីៗនេះ បានបង្ហាញថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ជាកីឡាករបាល់ទាត់រកចំណូលបានច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៣។

Cristiano Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលកំពុងប្រកបអាជីពជាមួយនឹងក្លិប Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានឡើងកាន់កាប់កំពូលតារាងកីឡាករបាល់ទាត់ទាំង ១០ ដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២៣។

នៅក្នុងឆ្នាំ ២០២៣ អតីតសមាជិក Man UTD និង Real Madrid វ័យ៣៨ឆ្នាំ រកចំណូលបាន ២៦០លានដុល្លារអាមេរិក ដោយក្នុងនោះថ្លៃពលកម្ម ២០០លានដុល្លារក្នុង១ឆ្នាំជាមួយនឹងក្លិប Al Nassr ហើយចំណូល ៦០លានដុល្លារផ្សេងទៀតបានមកពីដៃសហការ ដែលរួមមានក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា Nike និងក្រុមហ៊ុនផលិតគ្រឿងអលង្ការ និងនាឡិកាដៃ Jacob & Co ជាដើម។

ចំណាត់ថ្នាក់លេខ២ បានទៅលើកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាមួយនឹងប្រាក់ចំណូលសរុប ១៣៥លានដុល្លារ ដែលត្រូវបានជំរុញដោយការផ្ទេររបស់អតីតសមាជិកក្លិបបារាំង PSG វ័យ៣៦ឆ្នាំ ទៅកាន់ក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក MLS បូកនឹងចំណូលបានមកពីដៃគូសហការរបស់ខ្លួន ដូចជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា Adidas ជាដើម។ Messi គឺជាកីឡាករដំបូងគេរបស់ MLS ដែលបង្ហាញវត្តមាននៅក្នុងបញ្ជី Top 10 ចាប់តាំងពីអតីតខ្សែបម្រើអង់គ្លេស David Beckham នៅក្នុងឆ្នាំ ២០១២។

ដោយឡែក កំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar ឈរនៅលើចំណាត់ថ្នាក់លេខ៣ ជាមួយនឹងប្រាក់ចំណូលសរុប ១១២លានដុល្លារ បន្ទាប់ពីអតីតសមាជិកក្លិបបារាំង PSG វ័យ៣១ឆ្នាំ បានចុះហត្ថលេខាចូលរួមជាមួយនឹងក្លិប Al Hilal នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលពីខែសីហាកន្លងទៅ បូករួមនឹងចំណូលបានមកពីដៃគូសហការរបស់ខ្លួន ដូចជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារកីឡា Puma ជាដើម។

ដោយឡែក កីឡាករបាល់ទាត់ដែលជាប់ចំណាត់ថ្នាក់ជាកីឡាកររកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣ ជាបន្តបន្ទាប់មានដូចជា Kylian Mbappe ឈរលេខ៤ រកបាន ១១០លានដុល្លារ Karim Benzema ឈរលេខ៥ រកបាន ១០៦លានដុល្លារ លេខ៦ Eriling Haaland រកបាន៥៨លានដុល្លារ លេខ៧ Mohamed Salah រកបាន ៥៣លានដុល្លារ លេខ៨ Sadio Mane រកបាន៥២លានដុល្លារ លេខ៩ Kevin De Bruyne រកបាន៣៩លានដុល្លារ ហើយលេខ១០ Harry Kane រកបាន ៣៦លានដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង