×

លោក Xavi ថា បញ្ហារបួសនិងការប្រកួត El Clasico នឹងមិនមែនជាលេសពេល Barcelona ធ្វើមិនបានល្អក្នុងការប្រកួតយប់នេះទេ

គ្រូបង្វឹក លោក Xavi Hernandes បានធ្វើការព្រមានថា បញ្ហាកីឡាកររបួស និងការប្រកួត El Clasico ទល់នឹង Real Madrid នាពេលខាងមុខ នឹងមិនអាចយកមកធ្វើជាលេសបានទេ បើ Barcelona ធ្វើមិនបានល្អក្នុងការប្រកួត UEFA Champions League ទល់នឹង Shakhtar Donetsk ។

ក្រុម Barcelona នាពេលបច្ចុប្បន្ន កំពុងឈរកំពូលតារាងពូល H មាន៦ពិន្ទុ ក្រោយពីបានឈ្នះ ២ប្រកួតដំបូងរបស់ខ្លួនរួចមក។ ក្រុមព័រទុយហ្គាល់ Porto នៅលេខ២ ហើយក្រុមអ៊ុយក្រែន Shakhtar Donetsk នៅលេខ៣ មាន៣ពិន្ទុដូចគ្នា ខណៈក្រុមបែលហ្ស៊ីក Antwerp នៅបាតតារាងមាន០ពិន្ទុ។

នៅឯក្របខណ្ឌ La Liga វិញ ក្រុមអ្នកមានបុណ្យ កំពុងឈរលេខ៣មាន២៤ពិន្ទុ តិចជាងក្រុមលេខ២ Girona និងក្រុមកំពូលតារាង Real Madrid តែ១ពិន្ទុប៉ុណ្ណោះ។

ទោះកំពុងមានសុវត្ថិភាពនៅក្នុងពានរង្វាន់ UEFA Champions League ក៏ដោយ ក៏លោក Xavi បានអះអាងថា ការប្រកួតទល់នឹង Shakhtar Donetsk គឺជារឿងដ៏សំខាន់ ហើយបើទោះជាកីឡាករសំខាន់ៗ ដូចជា Robert Lewandowski, Jules Kounde, Frenkie De Jong និង Pedri កំពុងមានរបួស ហើយក្រុមត្រូវប្រកួតទល់នឹងគូប្រជែងធំ Real Madrid ជាបន្តក្តី ប៉ុន្តែបើសិនជាពួកគេធ្វើមិនបានល្អនោះទេ វាជាបញ្ហារបស់ក្រុម មិនអាចយករឿងរ៉ាវផ្សេងៗមកធ្វើជាលេសនោះទេ។

គ្រូបង្វឹកវ័យ ៤៣ឆ្នាំ បានថ្លែងដូច្នេះថា៖ “នេះគឺជាការប្រកួត Champions League វាគឺជាការប្រកួតដ៏ធំបំផុតសម្រាប់ក្លិបនានា ហើយទោះបីជាមានការប្រកួត El Clasico ឆាប់ៗនេះក៏ដោយ នេះគឺជា Champions League។ សម្រាប់ពួកយើង វាមានសារសំខាន់ណាស់ក្នុងការទទួលបាន៣ពិន្ទុ ដើម្បីមានអារម្មណ៍អស្ចារ្យ។”

លោក Xavi បានបន្តថា៖ “យើងក៏កំពុងមានបញ្ហាកីឡាកររបួស ប៉ុន្តែយើងក៏បានត្រៀមខ្លួនសម្រាប់ការប្រកួតរបស់យើង។ បើសិនជាធ្វើមិនបានល្អ នោះជាបញ្ហារបស់យើង ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា យើងពិតជាអាចទទួលបានលទ្ធផលល្អជាក់ជាមិនខាន។”

សូមបញ្ជាក់ថា Barcelona នឹងត្រូវស្វាគមន៍ក្រុម Shakhtar Donetsk ក្នុងជុំទី៣ពូល H ពានរង្វាន់ UEFA Champions League ដែលនឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋានបណ្តោះរបស់ Barcelona គឺកីឡដ្ឋាន Estadi Olímpic Lluís Companys៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង