×

ក្លិប AC Milan ទទួលបានប្រាក់ចំណេញជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ

ក្លិប AC Milan បានទទួលបានប្រាក់ចំណេញលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ នៅក្នុងរដូវកាល ២០២២-២៣ នៅពេលដែលក្រុមពួកគេបានឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ Serie A ។

AC Milan បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់ម្ចាស់ដែលជាក្រុមហ៊ុនវិនិយោគអាមេរិក RedBird Capital ។ ក្លិបអ៊ីតាលីមួយនេះ ត្រូវបានគេរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៤០៤លានអឺរ៉ូ ដែលចំនួននេះកើនឡើង ៣៦ភាគរយ ដោយភាគច្រើនរកបានពីការលក់ផ្នែកពាណិជ្ជកម្ម និងការឧបត្ថម្ភ។ ប្រាក់ចំណូលបន្ថែមកើតចេញពីការលក់សិទ្ធិទូរទស្សន៍ និងការលក់សំបុត្រកើនឡើងតម្លៃអំឡុងថ្ងៃការប្រកួត។

រឿងទាំងនេះបានអនុញ្ញាតឱ្យក្លិបទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៦,១លានអឺរ៉ូ នៅក្នុងឆ្នាំ ២០២៣ រហូតដល់បញ្ចប់រដូវកាលនៅក្នុងខែមិថុនា ឆ្នាំ ២០២៤។
គិតចាប់តាំងពីឆ្នាំ ២០០៦ មកទើបតែឆ្នាំ២០២៣នេះទេ ដែល AC Milan មានប្រធានក្លិបលោក Paolo Scaroni ទទួលបានប្រាក់ចំណេញ។

អំឡុងការប្រកួត UEFA Champions League រដូវកាល ២០២២-២៣ AC Milan ធ្លាក់ចេញពីការប្រកួតដោយចាញ់ក្រោមថ្វីជើង Inter Milan នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីខែឧសភា។
ចំណែកក្រុមហ៊ុនវិនិយោគ RedBird Capital បានចូលកាន់កាប់ក្លិប AC Milan ក្នុងឆ្នាំ ២០២២ ដោយក្នុងតម្លៃ ១,២ពាន់លានអឺរ៉ូ ហើយក្រុមហ៊ុននេះក៏បានចាយប្រាក់ប្រមាណ ៤៥លានដុល្លារក្នុងការជួយដល់គម្រោងនៃការកសាងកីឡដ្ឋានថ្មី។

បច្ចុប្បន្នទាំងក្លិប AC Milan និង Inter Milan ប្រើប្រាស់កីឡដ្ឋាន San Siro រួមគ្នា ប៉ុន្តែក្លិបទាំងពីរ កំពុងសម្លឹងមើលការកសាងកីឡដ្ឋានរៀងៗខ្លួន ដោយចាកចេញពីកីឡដ្ឋានដែលបានកសាងតាំងពីឆ្នាំ ១៩២៦ មួយនេះ។

កាលពីពេលថ្មីនេះទៀតសោត លីគបាល់ទាត់អ៊ីតាលី ក៏បានចុះកិច្ចព្រមព្រៀងក្នុងតម្លៃ ៤,៥ពាន់លានអឺរ៉ូ សម្រាប់ផ្តល់សិទ្ធិទូរទស្សន៍ផ្តាច់មុខទៅឱ្យក្រុមហ៊ុនផ្សព្វផ្សាយកីឡាដ៏ល្បី DAZN និង Sky Sports សម្រាប់ការប្រកួតទាំងអស់ក្នុងប្រទេសអ៊ីតាលីសម្រាប់រដូវកាលក្រោយ ២០២៤-២៥។ សិទ្ធិទូរទស្សន៍នេះ នឹងចូលរួមចំណែកផ្តល់ប្រាក់ចំណូលដល់ក្លិបច្រើនបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង