×

Lionel Messi ជាបេក្ខភាពឈ្នះពានរង្វាន់កីឡាករចំណូលថ្មីប្រចាំឆ្នាំរបស់លីគ MLS

Lionel Messi ត្រូវបានគេដាក់ឈ្មោះថាជាបេក្ខភាពចុងក្រោយម្នាក់ក្នុងចំណោម៣នាក់ សម្រាប់ពានរង្វាន់កីឡាករចំណូលថ្មីប្រចាំឆ្នាំរបស់លីគបាល់ទាត់កំពូលអាមេរិក (Major League Soccer) ទោះបីជាបង្ហាញខ្លួនត្រឹមតែ ៦ដងក្នុងការប្រកួតលីគនៅរដូវកាលដំបូងរបស់គាត់ជាមួយក្លិប Inter Miami ក៏ដោយ។

Messi ត្រូវប្រជែងជាមួយនឹងខ្សែប្រយុទ្ធ Giorgos Giakoumakis របស់ក្លិប Atlanta United និងខ្សែបម្រើ Eduard Löwen របស់ក្លិប St. Louis City SC ។

Messi ក៏ជាបេក្ខភាពម្នាក់ក្នុងចំណោម ៣០នាក់សម្រាប់ពានរង្វាន់ MVP របស់លីគ កាលពីដើមខែនេះផងដែរ។

បន្ទាប់ពីការចុះហត្ថលេខាលើការផ្ទេរដោយគ្មានតម្លៃខ្លួន ម្ចាស់ពាន Ballon d’Or ៧សម័យរូបនេះ រកបាន១០គ្រាប់ក្នុង៧ប្រកួត ដើម្បីជួយក្លិបឱ្យឈ្នះពានរង្វាន់ដំបូងរបស់ខ្លួន គឺពាន Leagues Cup។ គាត់ក៏បានលេងនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open Cup របស់ Miami ឈ្នះលើ Cincinnati ។

ទោះជាយ៉ាងណា ការបង្ហាញខ្លួនរបស់ Messi ក្នុងការប្រកួតលីគ MLS ត្រូវបានរារាំងដោយរបួសជើង ខណៈពេលដែលកំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងខែកញ្ញា។ គាត់អាចលេងបានត្រឹមតែ ៣៧២នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៦ដង ស៊ុតបញ្ចូលទីបាន ១គ្រាប់ និងបញ្ជូនចំនួន ២ដង ខណៈ Miami បានខកខានក្នុងការចូលលេងក្នុងការប្រកួតជម្រុះ MLS ។

ពានរង្វាន់កីឡាករចំណូលថ្មីប្រចាំឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសដោយកីឡាករ និងគ្រូបង្វឹកនៅក្របខណ្ឌ MLS នាយកបច្ចេកទេសឬអ្នកចាត់ការទូទៅ និងសមាជិកប្រព័ន្ធផ្សព្វផ្សាយដែលបានជ្រើសរើស។ អ្នកឈ្នះនឹងត្រូវបានប្រកាសក្រោយការប្រកួតជម្រុះ MLS ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង