សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានដាក់ទណ្ឌកម្មលើសហព័ន្ធបាល់ទាត់ប្រទេសបូស្នី សម្រាប់ការរំខានពីសំណាក់ហ្វូងអ្នកគាំទ្រនៅក្នុងការប្រកួតវគ្គជម្រុះ Euro 2024 របស់ក្រុមជម្រើសជាតិបូស្នី។
ក្រុមប្រឹក្សាគ្រប់គ្រងក្រមសីលធម៌ និងវិន័យរបស់ UEFA បានដាក់ពិន័យជាប្រាក់ចំនួន ២១,០០០ដុល្លារ ទៅលើសហព័ន្ធបាល់ទាត់បូស្នី និងបញ្ជាឱ្យបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេ សម្រាប់ការប្រកួតបន្ទាប់ក្នុងទឹកដី បន្ទាប់ពីអ្នកគាំទ្រ បានបង្កការអុកឡុក និងអាកប្បកិរិយារើសអើង អំឡុងពេលការប្រកួតជាមួយនឹងក្រុមព័រទុយហ្គាល់ កាលពីថ្ងៃទី១៧ ខែតុលា។ ជំនួបនោះ ព័រទុយហ្គាល់យកឈ្នះ ៥-០ ។
សហព័ន្ធបាល់ទាត់បូស្នី ក៏ត្រូវរងពិន័យជាប្រាក់បន្ថែម ២៦,០០០អឺរ៉ូ សម្រាប់ការបិទច្រកចេញចូលសាធារណៈ ចេញចូលកីឡដ្ឋាន និងបានចោលរបស់របរវត្ថុផ្សេងៗចូលក្នុងទីលានប្រកួតផងដែរ។
UEFA ក៏បានដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសបូស្នី ដោយហាមឃាត់ការលក់សំបុត្រចូលទស្សនាសម្រាប់អ្នកគាំទ្រ នៅការប្រកួតបន្ទាប់ក្រៅទឹកដីរបស់ពួកគេ សម្រាប់ការចោលកាំជ្រូចភ្លើង និងកាំជ្រូចផ្ទុះក្នុងកីឡដ្ឋានអំឡុងក្រុមពួកគេនឹងត្រូវជួបក្រុមលិចស្តង់ស្តាញ កាលពីថ្ងៃទី១៣ ខែតុលា៕