ការប្រកួតវាយកូនបាល់កម្រិត ATP Tour 500 កម្មវិធី Vienna Open 2023 បានបញ្ចប់ហើយក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុង Vienna ប្រទេសអូទ្រីស។
នៅក្នុងនោះ គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករអ៊ីតាលី Jannik Sinner បន្ទាប់ពីរូបគេបានយកឈ្នះទៅលើកីឡាកររុស្ស៊ី Daniil Medvedev នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-6 4-6 និង 6-3 ចាយពេលអស់ជាង៣ម៉ោង។
នេះជាលើកទី២ហើយក្នុងខែតុលានេះដែល Jannik Sinner បានយកឈ្នះទៅលើ Daniil Medvedev បន្ទាប់ពីបានឈ្នះនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ និង ក្លាយជាម្ចាស់ជើងឯកនៃកម្មវិធី China Open នាទីក្រុងប៉េកាំង ប្រទេសចិន។
ដោយឡែក នេះក៏ជាលើកទី១០ផងដែរ ដែល Jannik Sinner បានឈ្នះពានរង្វាន់កម្រិត ATP Tour នៅក្នុងអាជីពរបស់គេ។
សូមបញ្ជាក់ថា កម្មវិធី Vienna Open 2023 គឺជាការដំណើរការលើកទី៤៩របស់ខ្លួន ដោយក្នុងនោះប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ២លាន ៥សែនដុល្លារអាមេរិក៕