កីឡាករហ្វាំងឡង់ Kalle Rovanpera បានក្លាយជាម្ចាស់ជើងឯកពិភពលោកនៃការប្រណាំងរថយន្ត World Rally Championship ប្រចាំឆ្នាំ២០២៣ បើទោះជារូបគេបានទទួលត្រឹមចំណាត់ថ្នាក់លេខ២ នៅក្នុងការប្រកួតកម្មវិធី Central European Rally ក៏ដោយ។
ជាការពិត កម្មវិធី Central European Rally គឺជាដំណាក់កាលទី១២ ក្នុងចំណោម១៣នៃការប្រណាំងរថយន្ត World Rally Championship ប្រចាំឆ្នាំ២០២៣ ដែលធ្វើឡើងនាតំបន់ Passau ប្រទេសអាល្លឺម៉ង់ ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នាជិះលើចម្ងាយផ្លូវ 312.80 គីឡូម៉ែត្រ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែតុលា។
ជាលទ្ធផល កីឡាករបែលហ្ស៊ីក Thierry Neuville ជាអ្នកទទួលបានជ័យជម្នះនៅក្នុងការប្រកួតនេះ ដោយសមាជិកក្រុម Hyundai បានចាយពេលអស់ ២ម៉ោង ៥២នាទី និង៣៩វិនាទី ចុច៩។ រីឯ កីឡាករ Kalle Rovanperä ជាសមាជិកក្រុម Toyota បានទទួលចំណាត់ថ្នាក់លេខ២ ដោយយឺតជាង ៥៧វិនាទី ចុច៦ ហើយកីឡាករអេស្តូនី Ott Tänak សមាជិកក្រុម M-Sport Ford បានទទួលចំណាត់ថ្នាក់លេខ៣ យឺតជាង ១នាទី ៥២វិនាទី ចុច៨។
យ៉ាងណាមិញ ការដែលកីឡាករ Kalle Rovanpera បានក្លាយជាម្ចាស់ជើងឯកពិភពលោកនៅក្នុងឆ្នាំ២០២៣នេះ គឺដោយសាររូបគេបានរក្សាពិន្ទុសរុបរបស់ខ្លួនក្នុងការប្រកួតតាមដំណាក់កាលកន្លងមក បានចំនួន ២៣៥ពិន្ទុ លើសកីឡាករអង់គ្លេស Elfyn Evans ឈរនៅចំណាត់ថ្នាក់លេខ២ដល់ទៅ ៤៤ពិន្ទុ ស្របពេលការប្រកួតគឺនៅសល់តែ១ដំណាក់ទៀតប៉ុណ្ណោះនឹងបញ្ចប់ហើយ។
នេះគឺជាលើកទី២ជាប់គ្នា ដែលកីឡាករ Kalle Rovanpera បានក្លាយជាម្ចាស់ជើងឯកពិភពលោកនៃការប្រណាំងរថយន្ត World Rally Championship បន្ទាប់ពីរូបគេបានឈ្នះកាលពីរដូវកាល២០២២ កន្លងទៅ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្ត World Rally Championship រដូវកាល ២០២៣ នឹងឈានចូលដល់ដំណាក់កាលទី១៣ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ និង គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ នោះគឺជាកម្មវិធី Rally Japan ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែវិច្ឆិកា ខាងមុខនាតំបន់ Chūbu ប្រទេសជប៉ុន ៕