ប្រធានក្រុមអាហ្សង់ទីន ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតនៅលើពិភពលោក Ballon d’Or ឆ្នាំ២០២៣ និងជាការឈ្នះជាលើកទី៨ នៅក្នុងអាជីពរបស់ខ្លួនផងដែរ។
ការទទួលបានពានរង្វាន់ Ballon d’Or នេះ Messi ដោយបានផ្តួលទាំងកីឡាករឆ្នើមប្រចាំឆ្នាំ UEFA Erling Haaland របស់ក្លិប Man City និងកីឡាករឆ្នើមបារាំង Kylian Mbappé របស់ក្លិប Paris Saint-Germain ។
កីឡាករវ័យ ៣៦ ឆ្នាំ ដែលកំពុងលេងឱ្យក្លិបអាមេរិក Inter Miami បានឈ្នះពានរង្វាន់ Ballon d’Or ចុងក្រោយកាលពីឆ្នាំ ២០២១ ហើយរូបគេបានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមពពកសអាហ្សង់ទីន ប្រកួតយកឈ្នះក្រុមមាន់គកបារាំងនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នាប្រទេសកាតា ដែលនោះជាការឈ្នះជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ និងជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៣៦ ឆ្នាំ ។
Messi បានឈ្នះពានរង្វាន់ Ballons d’Or លើស៣ដង ពីគូប្រជែងយូរឆ្នាំ ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់ Ballons d’Or ចំនួន៥ដង ខណៈការឈ្នះចុងក្រោយរបស់កីឡាករដែលកំពុងលេងឱ្យក្លិបអារ៉ាប៊ីសាអ៊ូឌីត Al Nassr គឺនៅក្នុងឆ្នាំ ២០១៧ ។
នៅក្នុងឱកាសទទួលបានពានរង្វាន់ Ballons d’Or នេះដែរ Lionel Messi បានបង្ហាញពីអារម្មណ៍រីករាយដោយបានថ្លែងថា៖ “ខ្ញុំពិតជាមានមោទកភាព ដែលបានឈ្នះពានរង្វាន់កំពូលនេះម្តងទៀត ហើយពានរង្វាន់ដែលខ្ញុំបានឈ្នះនេះ មិនមែនសម្រាប់តែខ្ញុំនោះទេ ប៉ុន្តែគឺសម្រាប់ប្រជាជនអាហ្សង់ទីនទាំងអស់។”
ដោយឡែក ពានរង្វាន់ផ្សេងទៀតមានដូចជាពានរង្វាន់ អ្នកចាំទីល្អបំផុតរបស់ពិភពលោក Yashin Trophy បានទៅលើមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Messi គឺ Emiliano Martinez។
ពានរង្វាន់ Ballon d’Or ផ្នែកនារីបានទៅលើ ម្ចាស់ជើងឯក World Cup នារីរបស់អេស្ប៉ាញ និងក្លិប Barcelona កីឡាការិនីខ្សែបម្រើ Aitana Bonmati ។
ខ្សែបម្រើ Real Madrid និងក្រុមជម្រើសជាតិអង់គ្លេស Jude Bellingham បានឈ្នះពានរង្វាន់កីឡាករអាយុក្រោម ២១ ឆ្នាំល្អបំផុត Kopa Trophy ខណៈដែលមិត្តរួមក្រុម Real Madrid របស់គេគឺ Vinicius Junior ទទួលបានពានរង្វាន់ Socrates សម្រាប់ការងារមនុស្សធម៌របស់គេនៅក្រៅទីលាន៕