ការប្រកួតរវាងក្រុម Marseille និង Lyonnais ក្នុងជំនួប Ligue 1 ត្រូវបានលុបចោល បន្ទាប់ពីរថយន្តក្រុងដឹកកីឡាកររបស់ក្រុម Lyon ត្រូវបានរងការវាយប្រហារដោយការកប់ដុំថ្មពីសំណាក់អ្នកគាំទ្រ Marseille។ ការវាយប្រហារនោះ បណ្តាលឱ្យគ្រូបង្វឹក Marseille លោក Fabio Grosso ជាគ្រូបង្វឹកបែកក្បាល ខណៈកីឡាករត្រូវចូលសំងំលាក់ខ្លួនក្នុងកីឡដ្ឋាន Stade Velodrome។
បើតាមវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយ បានបង្ហាញអំពីក្រុមអ្នកគាំទ្រគប់ដុំថ្មទៅលើរថយន្តក្រុងក្រុម Lyon ហើយការគប់ដុំថ្មនោះ បានធ្វើឱ្យបែកកញ្ចក់រថយន្តចំនួន ២។ អំឡុងពេលរថយន្តបានចូលទៅដល់ក្នុងកីឡដ្ឋាន Stade Velodrome គេបានឃើញអំពីគ្រូបង្វឹក លោក Fabio Grosso បានកាន់កន្សែងបិទតាំងត្រង់មុខរបស់លោកខាងលើថ្ងាស ដោយលាយឡំដោយឈាម ហើយមានជំនួយការលោក ២នាក់ថែមទៀតបានដើរអមលោកចូលក្នុងកីឡដ្ឋានផងដែរ។ លោក Grosso បានរងរបួសរលាត់ស្បែកក្បាល និងប៉ះពាល់មុខរបស់គាត់។
យ៉ាងណាបើតាមការលើកឡើងរបស់ប្រធានក្លិប Lyon លោក John Textor លោកមានការខឹងសម្បាចំពោះក្រុមអ្នកគាំទ្រ ហើយបានប្រកាសថ្កោលទោសចំពោះអំពើហិង្សានេះ។
ដោយសម្រាប់ការប្រកួតរវាងក្រុមទាំង២វិញគឺត្រូវបានលុបចោល ហើយក្រុមអ្នកគាំទ្រដែលបានស្ថិតក្នុងកីឡដ្ឋានទន្ទឹងរង់ចាំការប្រកួតមកដល់ត្រូវបានស្នើសុំអធ្យាស្រ័យឱ្យចេញពីកីឡដ្ឋាន។ ទាក់ទងទៅនឹងបញ្ហាការគប់ដុំថ្ម ជនសង្ស័យចំនួន ៧នាក់ត្រូវបានចាប់ខ្លួនផងដែរ។
ការសម្រេចចិត្តលុបចោលការប្រកួតពីសំណាក់ស្ថាប័នលីគអាជីពបារាំង FPL ត្រូវបានទទួលស្គាល់ពីក្រុមម្ចាស់ផ្ទះ Marseille ហើយការរៀបចំការប្រកួតឡើងវិញនឹងត្រូវធ្វើក្នុងពេលឆាប់ៗ។
ក្រៅពីលោក Grosso ដែលរងរបួសត្រង់មុខ ជំនួយការលោក Raffaele Longo ក៏ត្រូវបានរងរបួសពីការគប់ដុំថ្មនេះដែរ ដោយមានបញ្ហារបួសត្រង់ផ្ទៃមុខដូចគ្នា។ រថយន្តក្រុងដឹកអ្នកគាំទ្រចំនួន ៦ ក៏ត្រូវបានរងការវាយប្រហារផងដែរ៕