ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទំនងជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០៣៤ បន្ទាប់ពីប្រទេសអូស្ត្រាលី បានប្រកាសថាខ្លួននឹងមិនដេញថ្លៃធ្វើជាម្ចាស់ផ្ទះទេ។
កាលពីដើមខែនេះ អារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញពីបំណងមួយតាមរយៈលិខិតផ្លូវការទៅកាន់ FIFA បន្ទាប់ពីស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក បានប្រកាសថា មានតែអ្នកដេញថ្លៃមកពីអាស៊ី និងអូសេអានីប៉ុណ្ណោះ នឹងត្រូវបានពិចារណាសម្រាប់ឆ្នាំ២០៣៤។
សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលី (Football Australia) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានសម្រេចចិត្តមិនចូលរួមការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះទេ។ ក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលីបានឱ្យដឹងថា៖ “យើងបានស្វែងរកឱកាសដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup ហើយ ដោយបានយកកត្តាទាំងអស់មកពិចារណា យើងបានឈានដល់ការសន្និដ្ឋាន មិនធ្វើដូច្នេះសម្រាប់ព្រឹត្តិការណ៍នៅឆ្នាំ២០៣៤ទេ។
ជំនួសមកវិញ យើងជឿថាយើងស្ថិតក្នុងជំហររឹងមាំក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិរបស់ស្ត្រី AFC Women’s Asian Cup ឆ្នាំ២០២៦ ហើយបន្ទាប់មកស្វាគមន៍ក្រុមដ៏អស្ចារ្យបំផុតក្នុងកីឡាបាល់ទាត់ពិភពលោកសម្រាប់ FIFA Club World Cup ឆ្នាំ២០២៩។”
ប្រទេសដែលចង់ចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤ ត្រូវតែបង្ហាញចំណាប់អារម្មណ៍ជាផ្លូវការត្រឹមថ្ងៃទី៣១ ខែតុលា ហើយកិច្ចព្រមព្រៀងដេញថ្លៃដែលត្រូវបានចុះហត្ថលេខា ត្រូវតែកំណត់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា។ បន្ទាប់មកសមាជិក FIFA នឹងមានឱកាសចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ និង ២០៣៤ នាចុងឆ្នាំ២០២៤៕