×

ខ្សែបម្រើ Vinícius Júnior បន្តកុងត្រាថ្មីជាមួយ Real Madrid ដល់ឆ្នាំ២០២៧

ខ្សែបម្រើស្លាប Vinícius Júnior បានធ្វើការចុះកុងត្រាថ្មីជាមួយក្លិប Real Madrid ចំនួន៣ឆ្នាំកន្លះបន្ថែមទៀត ដែលមានន័យថា រូបគេនឹងបន្តលេងនាទឹកដី Santiago Bernabéu រហូតដល់ឆ្នាំ២០២៧ ឯណោះ។

Vinícius Júnior បានចូលរួមជាមួយ Real Madrid ដោយផ្លាស់ពីក្លិបប្រេស៊ីល Flamengo ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៤៦ លានអឺរ៉ូ។ ការលេងជាមួយក្រុមរហ្សនាមអធិរាជសរយៈពេល៥ឆ្នាំកន្លងមកនេះ Vinícius Júnior បានវិវឌ្ឈន៍ខ្លួនក្លាយជាកីឡាករដ៏មានទេពកោសល្យ និង កា្លយជាកីឡាករសំខាន់មួយរូបរបស់ក្រុម ដោយបានបង្ហាញខ្លួន ២៣៥ ប្រកួតស៊ុតបញ្ចូលទីបាន ៦២ គ្រាប់។

ទោះយ៉ាងណា កីឡាករប្រេស៊ីល វ័យ២៣ឆ្នាំ បានក្លាយជាជនរងគ្រោះនៃការរើសអើងជាតិសាសន៍ ជាច្រើនដង ជាពិសេសការរើសអើងទៅលើរូបគេពីសំណាក់អ្នកគាំទ្រក្រុមគូប្រជែង អំឡុងពេលនៃការប្រកួតរវាង Real Madrid ទល់នឹង Valencia នៅក្របខណ្ឌ La Liga កាលពីខែឧសភាកន្លងទៅ។

យ៉ាងណា Vinícius Júnior នៅតែព្យាយាមប្រឈមមុខនឹងការរើសអើងទាំងនោះ រួមទាំងបន្តការងារមនុស្សធម៌របស់គេនៅក្រៅទីលានរហូតបានឈ្នះពានរង្វាន់ Socrates Award ក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or 2023 កាលពីពេលថ្មីៗនេះផងដែរ។

ដោយឡែក សម្រាប់ពានរង្វាន់ក្នុងទីលានដែល Vinícius Júnior បានឈ្នះរួមជាមួយ Real Madrid នាពេលកន្លងមកវិញ ក៏មានច្រើនដែរ ដែលមានដូចជាពានរង្វាន់ La Liga ២ដង Copa del Rey ១ដង Spanish Super Cup ២ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ២ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង