
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងភាគរយខ្ពស់បំផុតក្នុងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០៣៤ បន្ទាប់ពីអូស្ត្រាលីបានសម្រេចចិត្តមិនដេញថ្លៃរៀបចំព្រឹត្តិការណ៍នេះ។
សហព័ន្ធបាល់ទាត់អូស្ត្រាលី បានបញ្ជាក់ពីការសម្រេចចិត្តមិនដេញថ្លៃមុនរយៈពេលប៉ុន្មានម៉ោង ដល់ពេលកំណត់សម្រាប់ការប្រកាសប្រទេសដែលទទួលបានការចាប់អារម្មណ៍ នៅថ្ងៃទី៣១ ខែតុលា។ អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសតែមួយគត់ដែលបានដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034។
ប្រទេសអូស្ត្រាលីបានសម្រេចចិត្តមិនដេញថ្លៃសម្រាប់រៀបចំការប្រកួត World Cup 2034 ក្រោយពេល ប្រទេសឥណ្ឌូណេស៊ី បានប្រកាសគាំទ្រអារ៉ាប៊ីសាអូឌីតដេញថ្លៃរៀបចំ World Cup 2034 ។ ប្រទេសឥណ្ឌូណេស៊ី កាលពីខែមុនធ្លាប់បានប្រកាសថា ខ្លួនបានជជែកជាមួយនឹងប្រទេសអូស្ត្រាលី សម្រាប់ការដាក់ការចាប់អារម្មណ៍ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ដោយរួមមានការចាប់អារម្មណ៍ពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
កាលពីថ្ងៃទី៩ ខែតុលា សហព័ន្ធបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសអំពីការឈានដល់ជំហានទី២ ក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup របស់ខ្លួន។ គោលបំណងក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup របស់អារ៉ាប៊ីសាអូឌីត ត្រូវបានគេមើលឃើញថាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ បានមើលឃើញពីការរៀបចំយ៉ាងជោគជ័យរបស់ប្រទេសកាតា កាលពីឆ្នាំ ២០២២ ហើយដែលការប្រកួតនោះប្រទេសអាហ្សង់ទីនជាអ្នកឈ្នះជើងឯកពិភពលោក។
កាលពីដើមខែតុលាសហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានប្រកាសយ៉ាងភ្ញាក់ផ្អើលអំពី ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣០ របស់ប្រទេសម៉ារ៉ុក មកពីទ្វីបអាហ្វ្រិក ប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់ស្ថិតក្នុងទ្វីបអឺរ៉ុប។ ប្រទេសអាហ្សង់ទីន, អ៊ុយរូហ្កាយ, ប៉ារ៉ាហ្កាយ នឹងរៀបចំការប្រកួតបើកឆាកចំនួន ៣ដំបូងនៃការប្រកួត ដើម្បីអបអរខួប ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់បាល់ទាត់ពិភពលោក។
ដោយឡែក សម្រាប់ការប្រកួត World Cup ឆ្នាំ ២០២៦ នឹងត្រូវធ្វើឡើងដោយមានសហម្ចាស់ផ្ទះ អាមេរិក, កាណាដា និងម៉ិកស៊ិក ហើយដែលជាការប្រកួតក្នុងកំណែទម្រង់ការប្រកួតថ្មី ដែលមានក្រុមបន្ថែមពី ៣២ក្រុម ឡើងដល់ ៤៨ក្រុមលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ៕