×

គ្រូ Bayern Munich ថា ក្រុមខ្លួនមិនបានមើលស្រាលគូប្រកួតទេ ក្រោយត្រូវទម្លាក់ចេញពីពានរង្វាន់ German Cup ជុំទី២

ក្រុម Bayern Munich បានជួបប្រទះរឿងគួរឱ្យភ្ញាក់ផ្អើលមួយនោះគឺត្រូវបានទម្លាក់ចេញពីពានរង្វាន់ German Cup ត្រឹមជុំទី២ ដោយបានចាញ់ក្រុមមកពីលីគទី៣ Saarbrücken តាមរយៈលទ្ធផល ២-១។

ការប្រកួតនាទីលាន Ludwigsparkstadion កាលពីយប់មិញ ក្រុម Bayern Munich បានបើកការនាំមុខមុនដោយ Thomas Müller នៅក្នុងនាទី១៦ ប៉ុន្តែនៅចុងម៉ោងនៃវគ្គទី១ នាទី ៤៥+១ កីឡាករ Patrick Sontheimer បានតាមរកគ្រាប់បាល់ស្មើឱ្យក្រុមម្ចាស់ផ្ទះ Saarbrücken វិញ។

ចូលមកដល់វគ្គទី២ ការវាយសម្រុកពីសំណាក់ក្រុមទាំងសងខាងនៅតែបន្តកើតឡើង យ៉ាងសស្រាក់សស្រាំដដែល ប៉ុន្តែការប្រកួតបានអូសបន្លាយដល់ចុងម៉ោង នាទី៩០+៦ ទើបមានគ្រាប់បាល់កើតឡើង១គ្រាប់ទៀត ដែលធ្វើបានពីកីឡាករ Marcel Gaus ដែលបានធ្វើឱ្យក្រុម Saarbrücken នាំមុខ Bayern Munich ២-១ ហើយលទ្ធផលនេះបានបន្តដល់ចប់ការប្រកួតតែម្តង។

យ៉ាងណាមិញ ការបរាជ័យនេះ បានធ្វើឱ្យមានការលើកឡើងថា Bayern Munich មិនបានលេងឱ្យអស់ពីជើងនោះទេ ព្រោះមានការមើលស្រាលទៅលើគូប្រកួត ដែលជាក្រុមមកពីលីគទី៣ ប៉ុន្តែការលើកឡើងមកនេះត្រូវបានគ្រូបង្វឹកលោក Thomas Tuchel ធ្វើការបដិសេធ និងថា Bayern Munich លេងដោយតាំងចិត្តបំផុតនៅក្នុងការប្រកួត។

គ្រូបង្វឹកវ័យ៥០ឆ្នាំ បានឱ្យដឹងដូច្នេះថា៖ “ យើងមិនមានចិត្តក្រអឺតក្រទម ឬមើលស្រាលគូប្រកួតទេ។ វាមិនមានការពន្យល់ច្បាស់លាស់ចំពោះរឿងនេះទេហើយវាមានអារម្មណ៍ចម្លែក។ យើងពិតជាគោរពគូប្រកួត ហើយយើងក៏ចង់ឈ្នះ ប៉ុន្តែលទ្ធផលវាពិតជាខកចិត្តណាស់។ យើងពិតជាចង់ទៅប្រកួតនៅជុំបន្តឱ្យអស់ពីកម្លាំងរបស់យើង ប៉ុន្តែពេលនេះយើងបានត្រឹមអបអរគូប្រកួតដែលបន្តដំណើរទៅមុខទៀតប៉ុណ្ណោះ។”

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលក្រុម Bayern Munich បានធ្លាក់ត្រឹមជុំទី២ នៅក្នុងពានរង្វាន់ German Cup។

សម្រាប់ក្រុម Saarbrücken ដែលទទួលជ័យជម្នះ នឹងបន្តឡើងទៅកាន់វគ្គ១៦ក្រុម នៃពានរង្វាន់ German Cup ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ៥-៦ ខែធ្នូខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង