ខ្សែប្រយុទ្ធ Neymar បានទទួលការវះកាត់របួសជង្គង់ និងដាច់សរសៃ ACL នៅជើងខាងឆ្វេង បានដោយជោគជ័យ ប៉ុន្តែរូបគេទំនងត្រូវអវត្តមានរហូតដល់ទៅ១០ខែ ដើម្បីសម្រាកព្យាបាល។
កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញអំឡុងការប្រកួតជម្រុះ World Cup 2026 របស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលទល់នឹងក្រុមអ៊ុយរុយហ្គាយ បន្ទាប់ពីរូបគេបានប៉ះទង្គិចជាមួយនឹងកីឡាករក្រុមអ៊ុយរុយហ្គាយ។
រូបគេត្រូវបានក្រុមគ្រូពេទ្យប្រចាំក្រុមប្រេស៊ីលជួយសង្គ្រោះបន្ទាន់ ក្នុងទីលានប្រកួតរយៈពេលជិត ១០នាទី។ ក្រោយពីសង្គ្រោះបន្ទាន់រួច Neymar ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗដើម្បីពិនិត្យពីបញ្ហារបួស។
ព័ត៌មានជាច្រើនបានចុះផ្សាយថា Neymar នឹងអវត្តមានសម្រាប់ការប្រកួតទាំងឱ្យក្លិប Al Hilal និងជម្រើសជាតិប្រេស៊ីល រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤។
Neymar បានចូលរួមជាមួយនឹងក្លិប Al Hilal ស្ថិតក្នុងក្របខណ្ឌ Saudi Pro League កាលពីខែសីហា ក្នុងតម្លៃនៃការផ្ទេរចេញពីក្លិប Paris Saint Germain តម្លៃ ៩០លានអឺរ៉ូ។
យ៉ាងណាមិញ អតីតកីឡាករក្លិប Barcelona និង Paris Saint Germain ទើបតែលេងបាន ៥ប្រកួត តែប៉ុណ្ណោះឱ្យក្លិប Al Hilal ប៉ុន្តែរូបគេបែរជាជួបបញ្ហារបួសសារជាថ្មីម្តងទៀត។
គិតចាប់តាំងពីរដូវកាល ២០២២-២៣ មកដល់ពេលនេះ Neymar ត្រូវបានទទួលការវះកាត់លើបញ្ហារបួសធ្ងន់ធ្ងរ របស់គេទាំងលើកនេះ ចំនួន ២លើកហើយ។
មុនពេលចាកចេញពីក្រុម PSG កីឡាករប្រេស៊ីលរូបនេះ បានរងរបួសកជើងធ្ងន់ធ្ងរ ដោយកាលនោះរូបគេត្រូវបានសម្រាក់ពីការប្រកួតរយៈពេលជាង ៤ខែ៕