ជំនួបរវាងក្រុម Olympique de Marseille និង Olympique Lyonnais នៅក្របខណ្ឌ Ligue 1 បារាំង នឹងត្រូវរៀបឡើងវិញនៅថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីការប្រកួតនៅថ្ងៃទី៣០ ខែតុលា ត្រូវបានផ្អាក ព្រោះតែរថយន្តដឹកកីឡាកររបស់ក្រុម Marseille បានរងការវាយប្រហារគប់ដុំថ្មពីសំណាក់អ្នកគាំទ្រ ហើយគ្រូបង្វឹកលោក Fabio Grosso ជាគ្រូបង្វឹករបួសបែកក្បាល។
ក្រុមអ្នកគាំទ្រគប់ដុំថ្មទៅលើរថយន្តក្រុងក្រុម Lyon ហើយការគប់ដុំថ្មនោះ បានធ្វើឱ្យបែកកញ្ចក់រថយន្តចំនួន ២។ អំឡុងពេលរថយន្តបានចូលទៅដល់ក្នុងកីឡដ្ឋាន Stade Velodrome គេបានឃើញអំពីលោក Grosso បានកាន់កន្សែងបិទតាំងត្រង់មុខខាងលើថ្ងាស់ ដោយលាយឡំដោយឈាម ហើយជំនួយការលោក ២នាក់ទៀតបានដើរអមលោកចូលក្នុងកីឡដ្ឋានផងដែរ។
លោក Grosso ជាអតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលី ហើយលោកបានរួមចំណែកជួយដល់អ៊ីតាលីឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ២០០៦ បានរងរបួសត្រង់ផ្ទៃមុខ ដោយលាយឡំជាមួយនឹងកម្ទេចកញ្ចក់រថយន្តក្រុងនៅជាប់លើផ្ទៃមុខរបស់លោកថែមទៀត។
បើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង LFP ការប្រកួតរវាងក្រុម Marseille ទល់នឹង Lyon ត្រូវធ្វើឡើងវិញនៅថ្ងៃទី៦ ខែធ្នូ នាកីឡដ្ឋាន Vélodrome របស់ Marseille ដដែល។
ក្រុម Lyon បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ដោយស្ថិតនៅចំណាត់ថ្នាក់បាតតារាង Ligue 1 ឆ្លងកាត់ ៩ប្រកួត កន្លងមកពួកគេរកបានត្រឹមតែ ៤ពិន្ទុ តែប៉ុណ្ណោះ ហើយគូប្រកួត Marseille ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ មាន ១៣ពិន្ទុក្នុងដៃ។
ក្រុមទាំងពីរនេះកាលពីរដូវកាលមុនសុទ្ធសឹងតែជាក្រុមជើងខ្លាំង នៅក្នុងលីគកំពូលបារាំង ហើយតែងតែមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ខ្លាំងទាំងលំដាប់ក្នុងស្រុក និងលំដាប់អឺរ៉ុបថែមទៀត៕