Real Madrid លែងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylian Mbappe ទៀតហើយ ទោះបីជារូបគេចាកចេញពី Paris Saint-Germain លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយក៏ដោយ។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន Marca នៅអេស្ប៉ាញ។
Mbappe ជាគោលដៅផ្ទេរដ៏សំខាន់របស់ Real Madrid នាប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែពួកគេបានសម្រេចចិត្តបញ្ចប់ចំណាប់អារម្មណ៍លើកីឡាករបារាំង និងមិនព្យាយាមនាំយករូបគេមកកាន់កីឡដ្ឋាន Santiago Bernabeu ជាថ្មីម្ដងទៀតនោះឡើយ។
កិច្ចសន្យារបស់ Mbappe នៅ PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្លិបសង្ឃឹមថានឹងជៀសវាងការបាត់បង់កីឡាករដោយឥតគិតថ្លៃ ជាមួយនឹងការបន្តកុងត្រាថ្មីបន្ថែមទៀត។
របាយការណ៍បានអះអាងថា ទោះបីជា Mbappe សម្រេចចិត្តចាកចេញក៏ដោយ ក៏ Real Madrid នឹងមិនទាក់ទងឡើយដោយសាររូបគេនឹងទាមទារយ៉ាងហោចណាស់ ២០លានអឺរ៉ូក្នុងមួយឆ្នាំនៅ Real Madrid និងប្រាក់រង្វាន់ដ៏ធំផ្សេងទៀត ប្រសិនបើគេចូលរួមដោយឥតគិតថ្លៃ។
មួយវិញទៀត Mbappe នឹងមានអាយុជិត ២៦ឆ្នាំទៅហើយ បើគេបានចូលរួមជាមួយ Real Madrid ហើយក្លិបចាប់អារម្មណ៍នឹងការចុះហត្ថលេខាលើកីឡាករនៅក្មេងដូចជា Eduardo Camavinga, Aurelien Tchouameni និងខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីល Endrick ដែលនឹងមកចូលរួមនៅរដូវកាលក្រោយ។
Real Madrid បានព្យាយាមជាច្រើនដងណាស់មកហើយ ដើម្បីចុះហត្ថលេខាលើ Mbappe ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយនៅរដូវក្តៅឆ្នាំ២០២២ ដែលការផ្ទេរប៊ិះនឹងកើតឡើងទៅហើយនោះ បែរជា Mbappe ផ្លាស់ប្ដូរចិត្តភ្លាមៗ ដោយសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយក្លិប PSG ជំនួសវិញ ជាមួយកិច្ចសន្យាដ៏វិសេសវិសាលមួយ។
បន្ទាប់មក នៅឆ្នាំ២០២៣នេះ Mbappe បានបដិសេធមិនបន្តកុងត្រាថ្មីជាមួយក្លិបបារាំង ដែលជាលទ្ធផល PSG បានដកឈ្មោះខ្សែប្រយុទ្ធឆ្នើមរូបនេះ ចេញពីក្រុមសម្រាប់ការប្រកួត Pre-Season របស់ពួកគេ។
របាយការណ៍បានឱ្យដឹងទៀតថា Mbappe បានយល់ព្រមចុះហត្ថលេខាជាមួយទឹកដី Santiago Bernabeu ប៉ុន្តែ Real Madrid បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនដោយនិយាយថាពួកគេមិនមានការចរចាណាជាមួយ Mbappe នោះទេ៕