×

ខ្សែប្រយុទ្ធ Neymar បង្ហើបតម្រុយពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយចប់ World Cup 2022

ប្រេស៊ីល៖ ខ្សែប្រយុទ្ធ Neymar បានបង្ហើបអំពីតម្រុយចូលនិវត្តន៍ពីក្រុមជម្រើសជាតិប្រេស៊ីលក្នុងវ័យ៣០ឆ្នាំ គឺក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2022 នាប្រទេសកាតា។

បច្ចុប្បន្ន Neymar មានវ័យ២៩ឆ្នាំ បានបង្ហាញខ្លួន១១៣លើកហើយឱ្យក្រុមសាំបាប្រេស៊ីល ហើយរូបគេត្រូវចាត់ទុកជាកីឡាករសំខាន់មួយរូបដែលអាចជួយប្រេស៊ីលទទួលជោគជ័យនៅ World Cup ឆ្នាំក្រោយ។ តាមពិត Neymar បានស្គាល់រសជាតិការឈ្នះពានរង្វាន់អន្តរជាតិជាមួយក្រុមជម្រើសជាតិខ្លួនរួចហើយ គឺពានរង្វាន់ Copa America 2019 ប៉ុន្តែពានរង្វាន់ World Cup នៅតែជាអាទិភាពនាំមុខដែលរូបគេចង់ចូលរួមឈ្នះជាមួយប្រេស៊ីល ប៉ុន្តែសម្ពាធនានាកន្លងមកធ្វើឱ្យរូបគេមិនមានកម្លាំងចិត្តបន្តទៅទៀតឡើយ។

ជុំវិញរឿងនេះដែរ កីឡាកររបស់ក្លិប PSG រូបនេះ បានឱ្យដឹងថា៖ “ខ្ញុំគិតថា នេះអាចជា World Cup លើកចុងក្រោយរបស់ខ្ញុំ ពីព្រោះខ្ញុំប្រហែលនឹងលែងមានកម្លាំងចិត្តក្នុងការតតាំងជាមួយបាល់ទាត់តទៅទៀតហើយ ដូច្នេះខ្ញុំនឹងខិតខំឱ្យបានល្អខ្លាំង ដើម្បីឈ្នះពានរង្វាន់នោះជាមួយប្រទេសរបស់ខ្ញុំ ក៏ដូចជាសម្រេចក្តីស្រមៃតាំងពីតូចមក”។

ជាការពិត សម្រាប់ Neymar ចាប់តាំងពីការលេងឱ្យជម្រើសជាតិនៅខែសីហា ឆ្នាំ ២០១០ មកទល់ពេលនេះ គេដូចជា Messi និង Ronaldo អ៊ីចឹង ពោលមិនទាន់ស្គាល់រសជាតិលើកពានរង្វាន់ FIFA World Cup នៅឡើយ ត្បិតអីក្រុមប្រេស៊ីល ក៏រាប់បានជាជម្រើសជាតិមានប្រព័ន្ធលេងដ៏លេចធ្លោមួយនោះ។ ប្រេស៊ីល ឡើងខ្ពស់បំផុតនៅចន្លោះពេលដែល Neymar ឈរជើង គឺវគ្គ ៤ ក្រុមចុងក្រោយ តែបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមលទ្ធផល ៧-១ ទល់អាល្លឺម៉ង់ ហើយការលេងដណ្តើមយកលេខ៣បែរជាចាញ់ហុល្លង់ថែមទៀត។ សម្រាប់ World Cup ឆ្នាំ ២០១៨ ពួកគេធ្លាក់ក្រោមថ្វីជើងរបស់បែលហ្ស៊ិក នៅវគ្គ ៨ ក្រុមចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង