×

Kylian Mbappe ស៊ុតចុងម៉ោងជួយបារាំងវាយបកឈ្នះអេស្ប៉ាញ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League បន្ទាប់ពីពួកគេ បានវាយបកយកឈ្នះលើក្រុមអេស្ប៉ាញ ក្នុងលទ្ធផល ២-១ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតដែលធ្វើឡើងនាទីលាន San Siro របស់ក្លិប AC Milan នេះ មិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីទេនៅក្នុងវគ្គទី១។
រហូតដល់នាទី៦៤ នៃវគ្គទី២ ទើបខ្សែប្រយុទ្ធ Mikel Oyarzabal ជាអ្នកបំបែកភាពស្ងប់ស្ងាត់ តាមរយៈការស៊ុតបញ្ចូលទី បើកការនាំមុខឱ្យក្រុមគោក្រហមអេស្ប៉ាញ។ ទោះយ៉ាងណា រំលងពីនោះបានតែ២នាទីប៉ុណ្ណោះ ខ្សែប្រយុទ្ធ Karim Benzema ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុមមាន់គកបារាំងវិញភ្លាមៗ។ ឈានដល់នាទី៨០ ខ្សែប្រយុទ្ធ Kylian Mbappe ក៏បន្ថែមគ្រាប់បាល់ទី២ឱ្យបារាំងបានទៀត និងជាគ្រាប់បាល់ជ័យជម្នះតែម្ដង។

នេះជាការឈ្នះពានរង្វាន់អន្ដរជាតិលើកទី៧ សម្រាប់ក្រុមជម្រើសជាតិបារាំង និងជាពានលើកទី១នៃ UEFA Nations League ។ បារាំង ក៏ជាក្រុមទី២ហើយ ដែលឈ្នះពានរង្វាន់ UEFA Nations League បន្ទាប់ពីព័រទុយហ្គាល់ ដែលជាក្រុមឈ្នះពានរង្វាន់នេះដំបូងគេ។

សម្រាប់ចំណាត់ថ្នាក់លេខ៣ បានទៅលើអ៊ីតាលី ដែលបានឈ្នះបែលហ្ស៊ិក ដោយលទ្ធផល ២-១។ ដោយឡែក ក្រុមម្ចាស់ជើងឯក World Cup 2018 ក៏នឹងបន្ដភារកិច្ចរបស់ខ្លួន សម្រាប់ការប្រកួតប្រជែងនៅ World Cup 2022 ដោយត្រូវប៉ះក្រុមកាហ្សាក់ស្ថាន នៅក្នុងជុំទី៧ វគ្គជម្រុះពូល D នៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង