ថ្មីៗនេះ បណ្ដាញសារព័ត៌មានមានការចាប់អារម្មណ៍ទៅលើយុវជន ឈ្មោះ Micah Burton ដែលកំពុងលេងឱ្យក្រុមជម្រើសជាតិសហរដ្ឋអាមេរិកអាយុក្រោម ១៧ឆ្នាំ នៅក្នុងព្រឹត្តិការណ៍ World Cup U17 ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
Micah Burton មានម្ដាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក បានកើតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៦ នៅទីក្រុង Mound View រដ្ឋមីណេសូតា សហរដ្ឋអាមេរិក។
យោងតាមសម្ដីរបស់ម្ដាយរបស់ Micah Burton ដែលអ្នកស្រីមានឈ្មោះថា ស្រី សាមី បានឱ្យដឹងថា Micah និងបងប្រុសរបស់គេលេងបាល់ជាមួយគ្នា ដោយពេលមួយ ក្រុមរបស់បងប្រុសរបស់គេខ្វះកីឡាករម្នាក់។ ដូច្នេះគ្រូបង្វឹកបានឱ្យបងប្រុសរបស់គេ ហៅ Micah មកចូលរួមក្រុមរបស់ពួកគេ។
នាឆ្នាំ២០២០ Micah ត្រូវបានចុះហត្ថលេខាជាមួយក្លិប Austin FC ដោយលេងឱ្យក្រុមថ្នាលយុវជន។ នៅអាយុ ១៤ឆ្នាំ Micah បានចេញទៅរស់នៅឆ្ងាយពីក្រុមគ្រួសារ ដែលវាជាក្ដីបារម្ភមួយសម្រាប់អ្នកស្រី សាមី ផងដែរ។
ប្រាប់សារព័ត៌មាន Fox 9 អ្នកស្រី បានឱ្យដឹងថា៖ “ខ្ញុំមិនធ្លាប់គិតថា ខ្ញុំត្រូវឱ្យកូនទៅរស់នៅឆ្ងាយពីគ្រួសារនៅអាយុ១៤ឆ្នាំទេ។
ខ្ញុំអាណិតកូន ហើយខ្ញុំយំ។”
ប៉ុន្តែ Micah មិនធ្វើឱ្យគ្រួសារខកបំណងឡើយ នៅក្រុម Austin FC រូបគេបង្ហាញទម្រង់លេងយ៉ាងល្អ ដែលបានទាក់ទាញការចាប់អារម្មណ៍របស់គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក ហើយបានទទួលការកោះហៅសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ។
“នេះគឺជាក្ដីសុបិនរបស់ខ្ញុំ។ ពេលខ្ញុំទទួលការកោះហៅ ខ្ញុំបានប្រាប់ម្ដាយរបស់ខ្ញុំ ហើយគាត់មានមោនកភាពចំពោះខ្ញុំ”។ នេះជាសម្ដីរបស់ Micah ។
Micah លេងជាខ្សែប្រយុទ្ធ ពាក់អាវលេខ៩ និងមានជំនាញក្នុងការទាត់បាល់ហ្វ្រីឃីគ។ នេះបើយោងតាមគណនីផ្លូវការរបស់ USSOCCER។
ទេពកោសល្យក្នុងការទាត់បាល់ហ្វ្រីឃីគ បានផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់តំបន់ប្រយុទ្ធរបស់ក្រុម U17 អាមេរិក នៅក្នុងព្រឹត្តិការណ៍ Concacaf Championship និងរួមចំណែកសម្រាប់ក្លិបរបស់គេនៅក្នុងយុទ្ធនាការ MLS Next Pro ដែលជាលីគ៣នៅអាមេរិកផងដែរ។
ទស្សនាការផ្សាយបន្តផ្ទាល់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ដែលផ្សាយផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា៕