Neymar បានទទួលជោគជ័យនៅក្នុងការវះកាត់ជង្គង់ ប៉ុន្តែគ្រូពេទ្យមិនដឹងថាពេលណាដែលខ្សែប្រយុទ្ធរបស់ក្លិប Al-Hilal នឹងអាចត្រលប់មកលេងវិញបានទេ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានដាច់សរសៃ ACL នៅជង្គង់ខាងឆ្វេងរបស់គាត់ ខណៈពេលកំពុងលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលក្នុងវគ្គជម្រុះ World Cup 2026 កាលពីខែមុន។
ការសម្រាកព្យាបាលការដាច់សរសៃ ACL អាចមានរយៈពេលពី ៨ ទៅ ១០ ខែ។ លោក Rodrigo Lasmar ដែលជាវេជ្ជបណ្ឌិតក្រុមប្រេស៊ីលបាននិយាយថា Neymar មានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការស្តារឡើងវិញនូវកាយសម្បទា។
លោក Lasmar បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Sao Paulo កាលពីថ្ងៃចន្ទថា៖ “គាត់បានបង្ហាញតាំងពីដំបូងមកថា គាត់កំពុងធ្វើតាមអ្វីដែលយើងកំពុងស្នើ”។ Neymar ត្រូវបានប្ដូរចេញទាំងទឹកភ្នែកដោយត្រូវការអ្នកសែង អំឡុងពេលប្រេស៊ីលចាញ់អ៊ុយរុយហ្គាយ ២-០ បន្ទាប់ពីបានដួលក្នុងវគ្គទីមួយ។
គាត់បានផ្លាស់ទៅក្លិប Al-Hilal របស់ Saudi Pro League នៅរដូវក្តៅពី Paris St-Germain ក្នុងតម្លៃ ៩០ លានអឺរ៉ូ បូកប្រាក់បន្ថែម ប៉ុន្តែបានលេងតែ ៥ ប្រកួតប៉ុណ្ណោះដោយសារតែរបួសសាច់ដុំ៕