ក្លិប Napoli បានបណ្តេញគ្រូបង្វឹក លោក Rudi Garcia ចេញពីតំណែងក្រោយពីលោកបានដឹកនាំក្លិបបាល់ទាត់នៅលីគកំពូលអ៊ីតាលីមួយនេះ មិនដល់រយៈពេល៤ខែនោះទេ។
បុរសជនជាតិបារាំង វ័យ៥៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Napoli កាលពីខែកក្កដា លើកិច្ចសន្យារយៈពេល ២ឆ្នាំ ដោយមកជំនួសលោក Luciano Spalletti ដែលបានលាលែងពីតំណែង បន្ទាប់ពីដឹកនាំ Napoli ឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីកាលពីរដូវកាលមុន និងជាការឈ្នះជាលើកដំបូងរបស់ពួកគេ នៅក្នុងរយៈពេល៣៣ឆ្នាំមកហើយ។
ទោះយ៉ាងណា ក្រោមការដឹកនាំរបស់លោក Rudi Garcia ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Serie A រដូវកាល ២០២២-២៣ បានជួបលទ្ធផលធ្លាក់ចុះយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងនារដូវកាលនេះ ដោយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ក្នុងតារាងពិន្ទុ មាន ២១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Inter Milan ចំនួន១០ពិន្ទុ។
ក្រុមរបស់លោក Garcia បានរងបរាជ័យក្នុងលទ្ធផល ១-០ នៅក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមនៅកៀកតំបន់កាត់ចោល Empoli កាលពីចុងសប្តាហ៍មុន។
Napoli ក៏មានទម្រង់លេងមិនសូវល្អប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុមអាល្លឺម៉ង់ Union Berlin នៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions League ដែលធ្វើឱ្យកៅអីរបស់ គ្រូបង្វឹកជនជាតិបារាំងវ័យ ៥៩ឆ្នាំ ឡើងកម្តៅជាបន្តបន្ទាប់ រហូតត្រូវរបូតតំណែងនៅពេលនេះតែម្តង។
ដោយឡែក បច្ចុប្បន្ន Napoli កំពុងធ្វើការយ៉ាងដិតដល់ដើម្បីស្វែងរកបេក្ខភាពថ្មីមកជំនួសលោក Rudi Garcia ហើយពេលនេះ គោលដៅដែលពួកគេកំពុងសម្លឹងឃើញនោះគឺអតីត គ្រូបង្វឹក Marseille និង Hellas Verona លោក Igor Tudor៕