×

ទើបផ្ដួលជើងខ្លាំងអូស្ត្រាលីឈ្នះខ្សែក្រវាត់ ម៉ឺន មេឃា ត្រៀមប្រកួតលើសង្វៀន CBS សប្ដាហ៍នេះ

កូនប្រុសរបស់លោក អេ ភូថង កីឡាករ ម៉ឺន មេឃា បានត្រៀមរួចរាល់សម្រាប់ការឡើងសង្វៀនគុនខ្មែរ CBS ឫស្សីកែវ នាថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រកួតទល់នឹងអ្នកប្រដាល់ឆ្លងដែន ឌិនណាផូ ។

ម៉ឺន មេឃា ទើបតែយកឈ្នះជើងខ្លាំងអូស្ត្រាលី Cian Lougheed ដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក នៅឯទីក្រុងបែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ ជាការពិត សម្រាប់ការប្រកួតនេះ មេឃា បានប្រកួតជំនួសឱ្យ លន បញ្ញា ដែលមានបញ្ហាសុខភាពមិនអាចធ្វើការប្រកួតបានឡើយ។

បន្ទាប់ពីសម្រាកជាង ២សប្ដាហ៍រួចមក នៅថ្ងៃសៅរ៍នេះ កូនប្រុសរបស់លោកគ្រូ អេ ភូថង ដែលជាម្ចាស់មេដាយមាសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នឹងត្រូវតតាំងជាមួយកីឡាករ ឌិនណាផូ ដែលជាគូពិសេសដណ្ដើមប្រាក់លានខារ៉ាបាវ ទម្ងន់ ៦៣,៥ គីឡូក្រាម។

ចំណែក គូដណ្ដើមប្រាក់លានខារ៉ាបាវ១គូទៀត គឺជាការប៉ះរវាង កូនខ្មែរអាមេរិក ប្រេសស្តុន ស្រើយ ជួបជាមួយកីឡាករអ៊ីរ៉ង់ Shayan Heydari ។

ចូលរួមទស្សនាដោយសេរីនៅសង្វៀន CBS ឫស្សីកែវ នាថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ចាប់ពីម៉ោង ២ រសៀលតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង