×

Napoli តែងតាំងអតីតគ្រូបង្វឹកខ្លួនមកដឹកនាំសាជាថ្មី ក្រោយបណ្តេញលោក Rudi Garcia ចេញពីតំណែង

ក្លិប Napoli បានតែងតាំងអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Walter Mazzarri មកដឹកនាំសាជាថ្មីរហូតដល់ដំណាច់រដូវកាល។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅលីគកំពូលអ៊ីតាលី។

បុរសវ័យ ៦២ ឆ្នាំ បានចូលមកជំនួសតំណែងរបស់លោក Rudi Garcia ដែលបានត្រូវបណ្តេញចេញ បន្ទាប់ពី Napoli ចាញ់ Empoli បានធ្វើឱ្យពួកគេ ឈរនៅចំណាត់ថ្នាក់លេខ៤ក្នុងតារាងពិន្ទុក្របខណ្ឌ Serie A មាន ២១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Inter Milan ចំនួន ១០ពិន្ទុ។

ក្រុមម្ចាស់ជើងឯករដូវកាលមុន បានចាញ់៣ប្រកួតក្នុងការប្រកួតបើកឆាករដូវកាល ២០២៣-២៤ ចំនួន ១២ លើករបស់ពួកគេ ហើយការបរាជ័យទាំងអស់សុទ្ធតែកើតឡើងនៅទឹកដីរបស់ខ្លួនឯង ដោយចាញ់ក្រុម Lazio, Fiorentina និង Empoli ។

Napoli ក៏មានទម្រង់លេងមិនសូវល្អប៉ុន្មាន រួមទាំងលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុមអាល្លឺម៉ង់ Union Berlin នៅក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League ដែលធ្វើឱ្យកៅអីរបស់ គ្រូបង្វឹកជនជាតិបារាំងវ័យ ៥៩ឆ្នាំ ឡើងកម្តៅជាបន្តបន្ទាប់ រហូតត្រូវរបូតតំណែង។

លោក Garcia បានចូលដឹកនាំ Napoli កាលពីខែមិថុនា បន្ទាប់ពីលោក Luciano Spalletti បានលាលែងពីតំណែង ក្រោយជួយក្រុមទទួលបានជោគជ័យ នោះគឺការឈ្នះជើងឯក Serie A ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ ប៉ុន្តែឥឡូវនេះ Napoli ប្រឈមនឹងការធ្លាក់ចេញពីការប្រជែងដណ្តើមពាននៅរដូវកាលនេះ។

ឥឡូវនេះ ក្រោយការបណ្តេញលោក Rudi Garcia រួច Napoli បានតែងតាំងលោក Walter Mazzarri មកដឹកនាំវិញជាលើកទី២ បន្ទាប់ពីរូបលោកបានដឹកនាំក្រុមកាលពីឆ្នាំ ២០០៩-១៣ ។

ក្នុងការដឹកនាំលើកដំបូង លោក Walter Mazzarri បានជួយក្រុម Napoli ឈ្នះ ពានរង្វាន់ Coppa Italia កាលពីរដូវកាល២០១១-១២ ដែលជាការឈ្នះពានរង្វាន់លើកដំបូងរបស់ក្រុមក្នុងរយៈពេល២០ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុមជើងខ្លាំង Juventus នៅវគ្គផ្តាច់ព្រ័ត្រ។ រដូវកាលបន្ទាប់លោក Walter Mazzarri បានជួយក្រុម បញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងក្របខណ្ឌ Serie A៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង