នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នឹងមានចំនួន ៤គូ ដែលត្រូវប្រកួតវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្លិបស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវប៉ះក្លិបលោកតាឌីខេត្តព្រះវិហារ នៅម៉ោង ១២ថ្ងៃត្រង់ មុនក្លិបកីឡាបាល់ទះខេត្តតាកែវ ជួបជាមួយក្លិប ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅម៉ោង ២រសៀល ហើយនៅ២ម៉ោងបន្ទាប់ ក្លិបស្នងការដ្ឋាននគរបាលខេត្តក្រចេះ ប្រកួតទល់នឹង សមាគមក្រសួងមហាផ្ទៃ (B)។ ចំណែក ការប្រកួតចុងក្រោយក្នុងថ្ងៃទី១៦ វិច្ឆិកា គឺជាការប៉ះគ្នារវាងក្លិបស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្លិបស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅម៉ោង ៦ ល្ងាច។
ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ខណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ និង ១៩ ជាបន្តបន្ទាប់។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្រុមហ៊ុន CBS ក៏មានផ្សាយបន្តផ្ទាល់ផងដែរ។
គួរជម្រាបថា សម្រាប់ក្រុមចូលរួមប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣នេះ គឺបែងចែកជា ៨ ពូល ក្នុងមួយពូល ដែលមាន ៤ ក្រុម គឺពូល A, B, C, E, F លើកលែងពូល D, G និងពូល H ដែលមាន ៣ ក្រុម ក្នុងមួយពូល។
ចំពោះក្រុមទទួលបានជ័យលាភីលេខ១ ទទួលបានពានរង្វាន់មួយ អមប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ទទួលបាន ២០លានរៀល និងលេខ៣ ទទួលបាន ១២លានរៀល។
តាមការសន្យារបស់សហព័ន្ធបាល់ទះកម្ពុជា ក្រុមដណ្ដើមបានជ័យលាភី ក្នុងពានសម្ដេចក្រឡាហោម ស ខេង រដូវកាលនេះ នឹងទទួលបានកៅអី ចូលរួមប្រកួតលីគ សម្ដេចតេជោ ហ៊ុន សែន នាពេលឆាប់ៗខាងមុខ៕