អតីតខ្សែការពារ Barcelona និងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល Dani Alves ប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសអេស្ប៉ាញ លើការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅក្នុងក្លិបរាត្រីក្នុងទីក្រុង Barcelona កាលពីខែធ្នូ ឆ្នាំ ២០២២។
កីឡាករវ័យ៤០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣ នឹងត្រូវបានដាក់អោយជាប់ឃុំនៅក្នុងពន្ធនាគារមួយកន្លែងនៅខាងក្រៅទីក្រុង Barcelona។ ប្រសិនបើការស៊ើបអង្កេត រកឃើញថា មានកំហុស នោះ រូបគេ នឹងប្រឈមការជាប់ពន្ធនាគារពី ៤ ទៅ ១៥ឆ្នាំ។
ទោះយ៉ាងណា Dani Alves ធ្លាប់បានអះអាងថាគេ បានរួមភេទជាមួយនឹងនារីជនរងគ្រោះគឺជាការយល់ព្រមព្រៀងគ្នា។
នៅក្នុងឯកសារដែលបានចុះហត្ថលេខា ដោយចៅក្រមបីនាក់ នាទីក្រុង Barcelona បានអោយដឹងថា មានហេតុផលគ្រប់គ្រាន់សម្រាប់កាត់ក្តីលើ Alves ស្រមតាមសំណើររបស់រដ្ឋអាជ្ញាសាធារណៈ និងមេធាវីរបស់នារីរងគ្រោះ។ កាលពីខែសីហា ចៅក្រមបានចោទប្រកាន់ Dani Alves ជាផ្លូវការ បន្ទាប់ពីរកឃើញភស្តុតាងនៃការប្រព្រឹតិ្តខុសរបស់គេ។
បើតាមសេចក្តីថ្លែងការណ៍របស់តុលាការទីក្រុង Barcelona អោយដឹងថា “សេចក្តីថ្លែងការណ៍របស់ជនរងគ្រោះដែលត្រូវបានចោទប្រកាន់ និងសេចក្តីថ្លែងការណ៍របស់សាក្សី និងរបាយការណ៍របស់អ្នកជំនាញដែលបង្ហាញក្នុងសំណុំរឿងត្រូវតែចាត់ទុកថាគ្រប់គ្រាន់ក្នុងការចោទប្រកាន់លើ កីឡាករ Dani Alves។”
សូមបញ្ជាក់ថា Dani Alves ធ្លាប់ស្នាក់នៅ Barcelona រយៈពេល ៩ឆ្នាំ ហើយរូបគេបានជួយក្រុមរហស្សនាមអ្នកមានបុណ្យ ឈ្នះពានរង្វាន់ La Liga ចំនួន ៦លើក, ពានរង្វាន់ Spain Super Cup ចំនួន ៤លើក, Copa del Rey ៤លើក, UEFA Champions League ចំនួន ៣លើក, UEFA Super Cup ចំនួន ៣លើក និងពានរង្វាន់ FIFA Club World Cup ចំនួន ៣លើក៕