×

Cristiano Ronaldo បន្តស៊ុតបញ្ចូលទី ខណៈព័រទុយហ្គាល់ ឈ្នះលិចតិនស្តាញ

Cristiano Ronaldo បន្តរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីជួយឱ្យក្រុមព័រទុយហ្គាល់យកឈ្នះលើក្រុមលិចតិនស្តាញដោយលទ្ធផល ២-០ ក្នុងជំនួបពូល J ។

ព័រទុយហ្គាល់ជាក្រុមបានឈ្នះកៅអីជុំចុងក្រោយព្រឹត្តិការណ៍ Euro 2024 រួចសម្រេចហើយតាំងពីខែមុន ដោយពួកគេជាក្រុមស្ថិតក្នុងកំពូលតារាង ដោយមានរកបាន ២៧ពិន្ទុ មិនចាញ់ការប្រកួតនៅឡើយ។ ពូល J ក្រុមស្លូវ៉ានីស្ថិតនៅលេខ ២ ដែលមានគម្លាត ៨ពិន្ទុពីក្រុមកំពូលតារាង ហើយលិចតិនស្តាញស្ថិតនៅបាត តារាង ក្រោយឆ្លងកាតកាត់ ៩ប្រកួតកន្លងមក។

ក្រុមដែលមានលោក Roberto Martinez ជាអ្នកដឹកនាំ ក្នុងការប្រកួតទល់នឹងក្រុមលិចតិនស្តាញ កីឡាករភាគច្រើនក្នុងក្រុមសុទ្ធិសឹងតែកីឡាករធ្លាប់អង្គុយកៅអីបម្រុង និងកីឡាករសំខាន់ៗមួយចំនួនលាយឡំគ្នាក្នុងការប្រកួតនោះ។

ក្រុមព័រទុយហ្គាល់នៅតែអាចរកបានគ្រាប់បាល់ដើម្បីរក្សាកំណត់ត្រាឈ្នះមិនដែលចាញ់របស់ខ្លួន។

Ronaldo ស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី៤៧ ដើមវគ្គទីពីរ ហើយ ១០នាទីក្រោយកីឡាករ Joao Cancelo ស៊ុតគ្រាប់ទីពីរបន្ថែមទៀត យកឈ្នះដណ្តើមបាន ៣ពិន្ទុបន្ថែមទៀត។

១គ្រាប់បន្ថែមទៅក្នុងអាជីព កីឡាករវ័យ ៣៨ឆ្នាំ បន្តបង្កើនកំណត់ត្រាគ្រាប់បាល់របស់គេ ក្នុងនាមជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេលើពិភពលោក នៅការប្រកួតសម្រាប់ក្រុមជម្រើសជាតិ ដោយកើនគ្រាប់បាល់ ១២៨គ្រាប់ ពីការបង្ហាញខ្លួន ២០៤លើក។

មិនតែប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ Euro 2024 ការស៊ុតមួយគ្រាប់បានធ្វើអោយ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ តាមស្មើកំណត់ត្រាគ្រាប់បាល់របស់ Lukaku របស់ក្រុមជម្រើសជាតិបែលហ្ស៊ីក ដែលរកបាន ១០គ្រាប់ដូចគ្នាក្នុងវគ្គជម្រុះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង