អ្នករៀបចំព្រឹត្តិការណ៍ UEFA Euro 2024 បានបង្ហាញគ្រាប់បាល់ដែលនឹងត្រូវប្រើប្រាស់ផ្លូវការសម្រាប់ការប្រកួតបាល់ទាត់កំពូលទ្វីបអឺរ៉ុបនៅឆ្នាំក្រោយ ដែលកម្មវិធីបង្ហាញគ្រាប់បាល់នេះធ្វើឡើងនាតំបន់ Maifeld ក្បែរពហុកីឡាដ្ឋានអូឡាំពិកទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
បាល់នេះ មានឈ្មោះថា “Fussballliebe” ដែលមានន័យថា “អ្នកស្រឡាញ់កីឡាបាល់ទាត់” ហើយវាត្រូវបានរចនាឡើងជាមួយនឹងគំរូចម្រុះពណ៌ ហើយមានគោលបំណងឆ្លុះបញ្ចាំងពីសក្កដានុពលនៃព្រឹត្តិការណ៍ UEFA Euro 2024 អមនឹងបច្ចេកវិទ្យាដែលភ្ជាប់មកជាមួយដើម្បីជួយក្នុងការសម្រេចចិត្តរបស់ប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR ។
អតីតខ្សែការពារក្លិប Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់ ហើយបច្ចុប្បន្នជានាយករៀបចំការប្រកួត UEFA Euro 2024 លោក Philipp Lahm រួមជាមួយនឹងអ្នកចាំទីអាល្លឺម៉ង់ កីឡាករ Manuel Neuer ជាអ្នកនាំយកនូវការបង្ហាញបាល់ “Fussballliebe” ជាផ្លូវការ ដែលគ្រាប់បាល់នេះត្រូវបានផលិតដោយក្រុមហ៊ុនផលិតសម្ភារកីឡា Adidas ។
នៅក្នុងនោះដែរ លោក Philipp Lahm បានលើកឡើងថា៖ “ការរចនាដែលបង្ហាញរាងស្លាបខ្មៅជាមួយនឹងគែមចម្រុះពណ៌ ខ្សែកោង និងចំណុចគឺជាការឆ្លុះបញ្ចាំងពីថាមពលនៃការប្រកួត។”
ប្រទេសអាល្លឺម៉ង់ កំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UEFA Euro 2024 ដែលជាលើកដំបូងរបស់ពួកគេក្នុងការរៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់អន្តរជាតិដ៏ធំបែបនេះ ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០០៦ ដែលនៅពេលនោះបានបង្កឱ្យមានភាពអបអរសាទរដែលមិនធ្លាប់មានពីមុនមកពីអ្នកគាំទ្រនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ UEFA Euro 2024 នឹងធ្វើការប្រកួតចាប់ផ្តើមពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ដោយក្នុងនោះអាល្លឺម៉ង់បានជ្រើសរើសកីឡដ្ឋានចំនួន១០កន្លែងពីទីក្រុងចំនួន១០ នៅទូទាំងប្រទេសមកដំណើរការការប្រកួត៕