×

Keisuke Honda៖ បើយើងរីករាយជាមួយលទ្ធផល និងទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗ?

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញអារម្មណ៍ខកចិត្តនឹងទម្រង់លេងរបស់ក្រុម ក្នុងការប្រកួតជាមួយក្រុមបាល់ទាត់នៃកោះហ្គាំ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 ជើងទី១ កាលពីយប់មិញ ទោះបីកម្ពុជាបានយកឈ្នះក្រុមកោះរបស់សហរដ្ឋអាមេរិកនេះក៏ដោយ។

អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាខាងលើ បានបញ្ជាក់ថា៖ “ខ្ញុំគួរតែសប្បាយចិត្តព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងយើង គឺមិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗ ទោះពេលនោះយើងចាញ់មែន តែខ្ញុំសប្បាយចិត្តជាង ព្រោះយើងមានទម្រង់លេងប្រសើរជាងនេះ”។

អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនដដែល សង្កត់ធ្ងន់ថា៖ “បើយើងរីករាយជាមួយលទ្ធផលនេះ ជាមួយទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗ ក្នុងតំបន់ដូចជាវៀតណាម ឬថៃបាននោះ?”

លោកបន្ដថា៖ “ការអភិវឌ្ឍកាយសម្បទា និងបច្ចេកទេស ជាចំណុចដែលកីឡាករភាគច្រើនផ្ដោតលើ ក៏ដូចគ្នា យើងត្រូវពង្រឹងផ្នែកទាំងនោះ ប៉ុន្ដែអ្វីដែលពិសេសជាងនោះ យើងត្រួវយល់ដឹងពីការប្រើប្រាស់ តាក់តិច (Tactic) ដែលជាកត្ដាដែលធ្វើឱ្យក្រុមយើងអាចប្រកួតប្រជែងក្រុមខ្លាំងៗបាន”។

ការលើកឡើងរបស់សមាជិកក្លិប FK Suduva នៃលីគកំពូលប្រទេសលីទុយអានីនេះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះកោះហ្គាំ ១-០ ក្នុងជំនួបជើងទី១ នៅប្រទេសបារ៉ែន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ គ្រាដែលកម្ពុជា ត្រូវជួបកោះហ្គាំ ម្ដងទៀតនៅជើងទី២ នារាត្រីថ្ងៃទី១២ ខែតុលា ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ៕

ប្រភពអត្ថបទនិងរូបភាព៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង