×

គ្រូជម្រើសជាតិអ៊ុយក្រែនថា កីឡាករខ្លួនមិនអាចផ្តោតអារម្មណ៍បានទើបបានត្រឹមស្មើអ៊ីតាលីក្នុងការប្រកួតជម្រុះ UEFA Euro 2024

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន លោក Serhiy Rebrov បាននិយាយថា កីឡាកររបស់លោកមិនអាចផ្តោតអារម្មណ៍បាននោះទេ ទើបបានទទួលត្រឹមលទ្ធផលស្មើគ្នាទល់នឹងក្រុមជម្រើសជាតិអ៊ីតាលីក្នុងការប្រកួតបិទពូល C វគ្គជម្រុះពានរង្វាន់ UEFA Euro 2024។

ជាការពិត អ៊ុយក្រែនបានរបូតឱកាសទទួលបានកៅអីស្វ័យប្រវត្តិ ក្នុងការឡើងទៅជុំចុងក្រោយ នៃពានរង្វាន់ UEFA Euro 2024 បន្ទាប់ពីស្មើគ្នា ០-០ ទល់នឹងអ៊ីតាលីក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Bay Arena ស្ថិតនៅទីក្រុង Leverkusen ប្រទេសអាល្លឺម៉ង់។

ការប្រកួតនោះ ក្រុមទាំងសងខាងពិតជាមានការវាយសម្រុកគ្នាយ៉ាងខ្លាំងក្លា ប៉ុន្តែបែរជាមិនអាចមានក្រុមណាមួយអាចទម្លុះសំណាញ់ទីគ្នានោះទេ បើទោះជាមានឱកាសល្អៗជាច្រើនដងក្តី ហើយភាពស្ងប់ស្ងាត់គ្មានគ្រាប់បាល់បានរក្សាដល់ចប់ការប្រកួត។

ចំពោះការប្រកួតដែលមិនអាចទទួលបានជ័យជំនះនេះ គ្រូបង្វឹក អ៊ុយក្រែន លោក Serhiy Rebrov បានអះអាងថា កូនក្រុមរបស់លោក មិនអាចផ្តោតអារម្មណ៍បាននោះទេ ព្រោះមានបញ្ហាប្រទេសជាតិ ដែលកំពុងរងការឈ្លានពានពីប្រទេសរុស្ស៊ី។

បុរសវ័យ ៤៩ឆ្នាំ បានឱ្យដឹងក្រោយចប់ការប្រកួតថា៖ “ដូចអ្នករាល់គ្នាដឹងហើយ សង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ត។ វាពិបាកណាស់សម្រាប់កីឡាករ ពួកគេតែងតែមើលទូរសព្ទ ពួកគេមើលព័ត៌មាននៅអ៊ុយក្រែនដូចខ្ញុំដែរ។ បរិយាកាសបែបនេះវាមិនងាយស្រួលទេក្នុងការផ្តោតអារម្មណ៍ប្រកួត។ ប៉ុន្តែយើងយល់ថាយើងកំពុងលេងតំណាងប្រទេសរបស់យើង ហើយខ្ញុំគិតថាថ្ងៃនេះនៅលើទីលាន កីឡាករទាំងអស់បានបង្ហាញថាយើងមានចរិតលក្ខណៈ ថាយើងបានតស៊ូដើម្បីប្រទេសជាតិរបស់យើងខ្លាំងប៉ុណ្ណា។”

ចែកគ្នា ម្នាក់១ពិន្ទុដូចនេះ ទាំងអ៊ុយក្រែន និង អ៊ីតាលី មាន១៤ពិន្ទុដូចគ្នា ក្នុងពូល C ប៉ុន្តែ អ៊ីតាលីមានផលសងគ្រាប់បាល់ល្អជាងអ៊ុយក្រែន ដែលធ្វើឱ្យក្រុមជើងឯក UEFA Euro 2020 បញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងពូល។ ដូច្នេះអ៊ីតាលី នឹងត្រូវទទួលបានកៅអីស្វ័យប្រវត្តិ រួមជាមួយអង់គ្លេសដែលស្ថិតនៅចំណាត់ថ្នាក់លេខ១ ដើម្បីឡើងទៅកាន់ជុំចុងក្រោយ UEFA Euro 2024។

ចំណែកឯអ៊ុយក្រែនវិញ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល ហើយត្រូវទៅលេងវគ្គ Playoff ទៀត។ ពួកគេនៅតែអាចកក់កៅអីសម្រាប់ការប្រកួតជើងឯកអឺរ៉ុបជាលើកទីបួនជាប់គ្នាតាមរយៈការប្រកួតជម្រុះក្នុងខែមីនា។

ការចាប់ឆ្នោតវគ្គ Playoff នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ក្នុងទីក្រុង Nyon ប្រទេសស្វីស។ សម្រាប់២ក្រុមទៀតក្នុងពូល C នេះគឺម៉ាសេដូនៀខាងជើង និង ម៉ាល់តាបានអស់ឱកាសហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង