×

អាវចំនួន ៦ ដែលពាក់ដោយ Lionel Messi អាចនឹងក្លាយជាអាវកីឡាមានតម្លៃថ្លៃបំផុត

អាវចំនួន ៦ ដែលពាក់ដោយខ្សែប្រយុទ្ធ Lionel Messi ក្នុងអំឡុងពេលជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីននៅ FIFA World Cup 2022 ត្រូវបានរំពឹងថានឹងក្លាយជា ការប្រមូលវត្ថុអនុស្សាវរីយ៍កីឡាដ៏មានតម្លៃបំផុត នៅពេលការដេញថ្លៃបើកដំណើរការនៅចុងខែវិច្ឆិកានេះ។ នេះបើតាមការអោយដឹងពីក្រុមហ៊ុនរៀបចំការដេញថ្លៃ Auction House Sotheby’s ។

ការប្រមូលផ្ដុំការដេញថ្លៃនេះ រួមបញ្ចូលទាំងអាវដែលកីឡាករវ័យ៣៦ឆ្នាំ ពាក់អំឡុងពេលវគ្គទី១នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសកាតា។
ការដេញថ្លៃសម្រាប់អាវពណ៌ស ឆ្នូតផ្ទៃមេឃខៀវ នឹងបើកដំណើរការចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១៤ ខែធ្នូ ដោយមានការតាំងពិព័រណ៌បង្ហាញជាសាធារណៈដល់មហាជន ដើម្បីបង្ហាញពីការប្រមូលផ្ដុំវត្ថុដែលត្រូវដេញថ្លៃ។

ក្រុមហ៊ុនរៀបចំការដេញថ្លៃ Auction House Sotheby’s បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រមូលដ៏អស្ចារ្យនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃលើសពី១០ លានដុល្លារ ជាមួយនឹងការលក់ដ៏មានតម្លៃបំផុតនៃវត្ថុអនុស្សាវរីយ៍កីឡា នៅក្នុងការដេញថ្លៃ។

ចំពោះប្រាក់ចំណូលពីការដេញថ្លៃនឹងត្រូវបរិច្ចាគទៅឱ្យគម្រោង UNICAS ដែលដឹកនាំដោយមន្ទីរពេទ្យកុមារ Sant Joan de Déu នាទីក្រុង Barcelona ដោយមានការគាំទ្រពីមូលនិធិ Leo Messi ដើម្បីជួយដល់កុមារដែលកើតមាន និង ទទួលរងផលប៉ះពាល់ពីជំងឺកម្រ។

អាវរបស់អតីតកីឡាករបាល់បោះអាមេរិក Michael Jordan ពីការប្រកួតបើកឆាកនៃពានរង្វាន់ NBA Final ឆ្នាំ ១៩៩៨ កំពុងកាន់កំណត់ត្រាជាអាវកីឡាករដែលបានដាក់ដេញថ្លៃមានតម្លៃថ្លៃបំផុត គឺទទួលបានដល់ទៅ ១០,១ លានដុល្លារឯណោះ កាលពីឆ្នាំមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង