គ្រូបង្វឹក Lionel Scaloni ដែលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនឈ្នះជើងឯក FIFA World Cup 2022 បាននិយាយថា លោកកំពុងពិចារណាលាលែងពីតំណែង ក្រោយកាន់តួនាទីនេះអស់រយៈពេល៥ឆ្នាំ។
លោក Scaloni បានប្រកាសបែបនេះយ៉ាងគួរអោយភ្ញាក់ផ្អើល ក្រោយពេលដែលអាហ្សង់ទីន បានយកឈ្នះប្រេស៊ីល ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup នាទីក្រុង Rio de Janeiro កាលពីពេលថ្មីៗនេះ។
បុរសវ័យ៤៥ឆ្នាំ ក៏បានដឹកនាំអាហ្សង់ទីនឈ្នះជើងឯក Copa America ២០២១ ផងដែរ មុនពេលពួកគេទទួលបានពាន World Cup នៅកាតារកាលពីឆ្នាំមុន។
ទាក់ទិននឹងរឿងនេះ លោក Lionel Scaloni បាននិយាយថា៖ “ខ្ញុំចង់និយាយរឿងមួយ ខ្ញុំចង់លាលែងពីបាល់ទាត់ ព្រោះខ្ញុំមានរឿងជាច្រើនដែលត្រូវគិតក្នុងអំឡុងពេលនេះ។ វាមិនមែនជាពាក្យលា ឬអ្វីនោះទេ ប៉ុន្តែខ្ញុំត្រូវតែគិតព្រោះវាមានទំនួលខុសត្រូវខ្ពស់ណាស់ ហើយវាមានភាពស្មុគស្មាញក្នុងការបន្តទៅមុខ។ រឿងទាំងនេះវាលំបាក ដូច្នេះខ្ញុំត្រូវគិតមួយរយៈសិន។ ខ្ញុំនឹងនិយាយជាមួយប្រធានសមាគមបាល់ទាត់អាហ្សង់ទីន និងកីឡាករនៅពេលក្រោយ។ អាហ្សង់ទីនត្រូវការគ្រូបង្វឹកដែលមានថាមពលគ្រប់យ៉ាងដែលអាចធ្វើទៅបាន ហើយជាគ្រូបង្វឹកដែលល្អមួយរូប។”
សូមរំឭកថា លោក Lionel Scaloni បានកាន់តួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីខែសីហា ឆ្នាំ២០១៨ ជំនួសលោក Jorge Sampaoli បន្ទាប់ពីលោកបានដឹកនាំក្រុមយុវជនក្រោមអាយុ២០ឆ្នាំ បានរយៈពេលខ្លី៕