ក្រុមបាល់ទាត់ Celtic របស់ស្កុតឡែន ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ធ្វើការផាកពិន័យប្រមាណ ១ម៉ឺន៥ពាន់ផោន ក្រោយពីអ្នកគាំទ្ររបស់ពួកគេបានលើកបង្ហាញទង់ជាតិប៉ាឡេស្ទីន អំឡុងពេលការប្រកួតពានរង្វាន់ UEFA Champions League ជុំទី៣ វគ្គជម្រុះពូល E ទល់នឹងក្រុម Atlético Madrid របស់អេស្ប៉ាញ កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅ។
សង្គ្រាមរវាងរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអែល បានធ្វើឱ្យបាត់បង់ជីវិតមនុស្សជាច្រើន ដោយក្នុងនោះមានការរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១៣៣០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ ៥៦០០ នាក់ផងដែរ ។
ក្នុងនោះដើម្បីបង្ហាញការគាំទ្រទៅកាន់ជនជាតិប៉ាឡេស្ទីនដែលរងគ្រោះ អ្នកគាំទ្រក្រុម Celtic ជាច្រើនបានធ្វើការលើកទង់ជាតិប៉ាឡេស្ទីនអំឡុងការប្រកួតកីឡដ្ឋាន Celtic Park ។
យ៉ាងណា ទង្វើនេះត្រូវបាន UEFA ចាត់ទុកថា ជាទង្វើនៃសារបង្កហេតុ និង ការប្រមាថ ហើយបានសម្រេចផាកពិន័យទៅលើក្រុម Celtic តែម្តង ដែលមិនអាចគ្រប់គ្រងអ្នកគាំទ្រខ្លួនបាន។
មុនរងការដាក់ទណ្ឌកម្មពី UEFA ក្រុម Celtic ក៏បានធ្វើការព្រមានអ្នកគាំទ្ររបស់ខ្លួនមុនការប្រកួតមុនដែរគឺកុំឱ្យបង្ហាញទង់ជាតិប៉ាឡេស្ទីន ប៉ុន្តែបញ្ហាពីអ្នកគាំទ្រនៅតែកើតមានឡើង។
ក្រុមជើងឯកលីគកំពូលស្កុតឡែន ក៏ត្រូវបានផាកពិន័យជាប្រាក់ចំនួន១ម៉ឺនផោនផ្សេងទៀតករណីអ្នកគាំទ្ររបស់ពួកគេបានបិទផ្លូវឆ្លងកាត់ និងប្រើប្រាស់សារធាតុ Pyrotechnic ។
រីឯក្រុម Atlético Madrid ក៏រងការផាកពិន័យ ២៦០០ ផោនផងដែរ ករណីអ្នកគាំទ្រខ្លួនប្រើប្រាស់កាំជ្រួចអំឡុងពេលប្រកួត។
ដោយឡែក ក្នុងការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ Celtic បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Atlético Madrid។
បច្ចុប្បន្នក្នុងពូល E ពានរង្វាន់ UEFA Champions League ក្រុម Atlético Madrid ឈរកំពូលតារាងមាន៨ពិន្ទុក្រោយលេងបាន៤ប្រកួត ខណៈ Lazio នៅលេខ២ មាន៧ពិន្ទុ Feyenoord នៅលេខ៣មាន៦ពិន្ទុ រីឯ Celtic ឈរនៅលេខរៀងទី៤មានតែ១ពិន្ទុប៉ុណ្ណោះ ក្រោយលេងបាន៤ប្រកួតដូចគ្នា៕