អាជ្ញាធរនាទីក្រុងប៉ារីស បាននិយាយថា តម្លៃសំបុត្ររថភ្លើងក្រោមដីអាចនឹងកើនឡើងទ្វេដង អំឡុងពេលដែលទីក្រុងនេះដំណើរការព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤។
ការព្រមានបានកើតឡើងពីសេវាដឹកជញ្ជូនសាធារណៈថា វានឹងមានការដឹកជញ្ចូនគ្រប់គ្រាន់ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
ជុំវិញរឿងនេះ អាជ្ញាធរនាទីក្រុងប៉ារីស លោកស្រី Valerie Pecresse បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “ក្នុងអំឡុងពេលកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក តំបន់ Ile de France នឹងបង្កើនការផ្តល់ជូនការដឹកជញ្ជូនរបស់ខ្លួនយ៉ាងខ្លាំង។ សំបុត្ររថភ្លើងក្រោមដីសម្រាប់ការធ្វើដំណើរតែមួយនឹងមានតម្លៃ ៤ អឺរ៉ូ សម្រាប់រយៈពេលពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ៦ ខែកញ្ញា តែអ្នករស់នៅក្នុងតំបន់ដែលមានលិខិតឆ្លងដែនធម្មតាប្រចាំខែ ឬប្រចាំឆ្នាំនឹងមិនរងផលប៉ះពាល់ទេ។”
សំបុត្រប្រចាំខែជាធម្មតាមានតម្លៃ ៨៤,១០ អឺរ៉ូ ខណៈដែលការធ្វើដំណើរតែមួយលើកតាមរថភ្លើងក្រោមដីនាទីក្រុងប៉ារីស នាពេលបច្ចុប្បន្នមានតម្លៃ ២,១០ អឺរ៉ូ។
កាលពីសប្តាហ៍មុន អភិបាលក្រុងប៉ារីសបាននិយាយវាយប្រហារអ្នកស្រី Pecresse ថា រដ្ឋធានីបារាំងមួយនេះនឹងមិនបានត្រៀមខ្លួនជាស្រេចក្នុងលក្ខខណ្ឌនៃការដឹកជញ្ជូនទេ។ យ៉ាងណា រដ្ឋមន្ត្រីដឹកជញ្ជូន លោក Clement Beaune បានគាំទ្រលោកស្រី Pecresse ដោយនិយាយថា ទីក្រុងប៉ារីសនឹងរួចរាល់ សម្រាប់ការដឹកជញ្ជូនប្រជាជន និងបន្ថែមថា វាសំខាន់ណាស់ដែលមិនមានការផ្លាស់ប្តូរសម្រាប់ប្រជាជននាទីក្រុងប៉ារីស ក្នុងអំឡុងពេលព្រឹត្តិការណ៍ដំណើរការ។
សូមបញ្ជាក់ថា ទីក្រុងប៉ារីសប្រទេសបារាំង នឹងដំណើការធ្វើជាម្ចាស់ផ្ទះព្រឹតិ្តការណ៍ប្រកួតកីឡាអូឡាំពិក លើកទី ៣៣ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយក្នុងនោះមានការប្រកួតចំនួន ៣២៩វិញ្ញាសា ពីកីឡា ៣២ប្រភេទ៕