LeBron James បានបង្កើតកំណត់ត្រាមួយទៀតចំពោះអាជីពកីឡាបាល់បោះរបស់ខ្លួនដោយក្លាយជាកីឡាករលេងបានច្រើននាទីជាងគេនៅក្របខណ្ឌ NBA។
កីឡាករអាមេរិក វ័យ៣៨ឆ្នាំ បានបង្កើតកំណត់ត្រានេះ ក្នុងការប្រកួតដែល LA Lakers ចាញ់ ក្រុម Philadelphia ដោយលទ្ធផល 138-94 ។
James បានវ៉ាដាច់កីឡាករ Kareem Abdul-Jabbar សរុប ៦៦២៩៧ នាទីក្នុងអំឡុងពេលត្រីមាសទី ១ ដោយឥឡូវនេះរូបគេបានលេងរហូតដល់ទៅ ៦៦៣១៩ នាទីក្នុងរយៈពេល ២១ ឆ្នាំនៃអាជីពរបស់គេនៅក្នុងលីគ។
ដោយឡែក កន្លងទៅថ្មីៗនេះ LeBron James បានក្លាយជាកីឡាករបាល់បោះដំបូងគេដែលរកបាន ៣៩,០០០ ពិន្ទុនៅក្នុងការប្រកួតក្របខណ្ឌ NBA។ ពិន្ទុទី ៣៩,០០០ របស់កីឡាករអាមេរិក កើតឡើងក្នុងការប្រកួតដែល LA Lakers ឈ្នះ Utah Jazz ក្នុងជំនួបលីគរដូវកាលនេះ។
James រកបាន ១៧ពិន្ទុ ក្នុងជ័យជម្នះរបស់ LA Lakers លើគូប្រជែង Utah Jazz ដោយលទ្ធផលពិន្ទុ ១៣១-៩៩ ដើម្បីទទួលបានកៅអីវគ្គ៨ក្រុមចុងក្រោយ។
កីឡាករអាមេរិក វ័យ៣៨ឆ្នាំ បានវ៉ាដាច់អតីតជើងខ្លាំង Kareem Abdul-Jabbar វីរបុរស Lakers ដែលរកបាន ៣៨,៣៨៧ពិន្ទុ កាលពីខែកុម្ភៈ ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីដាច់គេនៅ NBA។
ក្រៅពីជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ កីឡាករបាល់បោះដែលជាប់ជាកីឡាករមានតម្លៃបំផុតនៅ NBA ៤សម័យ ក៏ជាអ្នកបញ្ជូនបាល់ ៩លើកជាកំណត់ត្រា ជាមួយការវាយបក៧លើក ស្របពេលមិត្តរួមក្រុមរបស់គេ កីឡាករ Anthony Davis សម្រេចបាន២៦ពិន្ទុ ពីការវាយបកនោះ។
វគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌលីគបាល់បោះអាមេរិក NBA និងត្រូវធ្វើនៅថ្ងៃទី៤ និងទី ៥ ខែធ្នូ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែធ្នូ និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៩ ខែធ្នូ ដែលធ្វើនៅទីលាននៅ Las Vegas សហរដ្ឋអាម៉េរិក។ ក្រុម Denver Nuggets អស់ឱកាសការពារតំណែងជើងឯករបស់ខ្លួនទៅហើយ៕