គ្រូបង្វឹក លោក Carlo Ancelotti បាននិយាយថា Real Madrid ជាក្រុមដែលមានការរៀបចំយ៉ាងត្រឹមត្រូវបំផុត បន្ទាប់ពីពួកគេបានវាយបកយកឈ្នះ ក្រុម Napoli ក្នុងការប្រកួតជុំទី៥ ពូល C ពានរង្វាន់ UEFA Champions League ។
ជាការពិត មុនឈានដល់ការប្រកួតនាទីលាន Santiago Bernabéu កាលពីយប់មិញនេះ ក្រុម Real Madrid បានជួបប្រទះបញ្ហាកីឡាកររបួសជាច្រើនរូប។ យ៉ាងណា ក្រុមអធិរាជស នៅតែអាចយកឈ្នះក្រុមភ្ញៀវ Napoli បាន ដោយលទ្ធផល ៤-២ រក្សាភាពឈ្នះ១០០ភាគរយនៅក្នុងពូល។
ចាប់ផ្តើមកែលបាល់បាន៩នាទី Giovanni Simeone បានរកគ្រាប់នាំមុខមុនសម្រាប់ Napoli ប៉ុន្តែ២នាទីបន្ទាប់គឺនាទី១១ Rodrygo បានតាមស្មើវិញ មុនពេល Jude Bellingham បន្ថែមគ្រាប់ទី២នៅនាទី ២២ បើកការនាំមុខអោយ Real Madrid មុនចប់វគ្គទី១។
នៅវគ្គទី២ ដំណើរការបានតែ២នាទី កីឡាករ Frank Anguissa បានរកគ្រាប់បាល់តាមស្មើ អោយ Napoli ប៉ុន្តែ Real Madrid បានបន្ថែម២គ្រាប់មកវិញផ្ទួនៗដោយ Nico Paz Martínez នៅនាទី ៨៤ និង Joselu នៅនាទី៩០+៤ ដើម្បីធានាជ័យជំនះដល់ក្រុមម្ចាស់ផ្ទះ។
ជាមួយការឈ្នះនេះ Real Madrid នឹងអាចធានាកៅអីកំពូលតារាងពូល C ទោះបីជាសល់១ប្រកួតទៀតក៏ដោយ។
បន្ទាប់ពីចប់ការប្រកួតលោក Carlo Ancelotti បានទទួលស្គាល់ថា ក្រុមរបស់លោកមានភាពលំបាកព្រោះកីឡាករសំខាន់ៗជាច្រើនរូបរងរបួស ប៉ុន្តែក្រុមរបស់លោកនៅតែអាចមានការរៀបចំយ៉ាងល្អត្រឹមត្រូវ និងរក្សាភាពខ្លាំងរបស់ខ្លួនបានដើម្បីស្វែងរកជ័យជំនះមកទាល់តែបាន។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានអោយដឹងដូច្នេះថា៖ “ វាគឺជាការប្រកួតដែលមានតុល្យភាព ការប្រកួតប្រជែងមួយ ប្រឆាំងនឹងគូប្រជែងដែលមានគុណភាព។ ទាក់ទងនឹងរបៀបដែលយើងគ្រប់គ្រងបាល់ យើងធ្វើបានល្អ។ យើងមិនប្រញាប់ប្រញាល់អ្វីទេ ប៉ុន្តែបានគ្រប់គ្រងបាល់បានយ៉ាងល្អ។ កន្លែងណាដែលយើងអាចធ្វើបានល្អជាងនេះ សម្រាប់ខ្ញុំគឺការការពារ។ ក្រុមមួយនេះត្រូវបានរៀបចំយ៉ាងល្អ ហើយវាជារឿងដែលយើងអាចធ្វើបាន។”
ឆ្លងកាត់៥ប្រកួតក្នុងពូល C ក្រុម Real Madrid មាន១៥ពិន្ទុពេញឈរកំពូលតារាងធានាកៅអីទៅកាន់ជុំបន្ទាប់រួចជាស្រេច រីឯក្រុម Napoli នៅលេខ២ មាន៧ពិន្ទុ ក្រុម Braga របស់ព័រទុយហ្កាល់នៅលេខ៣ មាន៤ពិន្ទុ និងក្រុម Union Berlin មាន២ពិន្ទុ នៅបាតតារាង។
ការប្រកួតចុងក្រោយគឺ Real Madrid ប៉ះ Union Berlin ហើយ Napoli ប៉ះ Braga នៅថ្ងៃទី ១២ ខែធ្នូខាងមុខ៕