រដ្ឋអាជ្ញាអេស្ប៉ាញបានធ្វើការស្នើសុំឱ្យមានការដាក់ពន្ធនាគចំពោះអ្នកគាំទ្របាល់ទាត់ចំនួន ៤នាក់ ពាក់ព័ន្ធការស្អប់ខ្ពើមរើសអើងពូជសាសន៍ ទៅលើខ្សែបម្រើ Vinicius Junior ។
ជនជាប់ចោទទាំង ៤ បានប្រើទង្វើស្អប់ខ្ពើម រើសអើងពូជសាសន៍យ៉ាងខ្លាំងទៅលើ កីឡាកររបស់ក្លិប Real Madrid, Vinicius Junior ដោយបានចងបដា ពណ៌ខ្មៅ ដែលសរសេរថា៖ “ស្អប់ Real Madrid និងលេខអាវរបស់ Vinicius Junior ” នៅក្បែរកន្លែងហ្វឹកហាត់របស់ក្លិប មុនពេលការប្រកួតជាមួយគូប្រជែង Atletico Madrid នៅថ្ងៃទី ២៦ ខែមករា ដើមឆ្នាំនេះ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ព្រះរាជអាជ្ញាបានចោទប្រកាន់ជនទាំង៤រូប ពីបទគំរាមកំហែងប្រឆាំងនឹង Vinicius និងរំលោភសិទ្ធិជាមូលដ្ឋាននិងថា ពួកគេបានបង្ហាញពីការមើលងាយ និងការរើសអើងពណ៌ស្បែករបស់ Vinicius Junior និងការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់កីឡាករ។
ព្រះរាជអាជ្ញាក៏បានស្នើសុំសំណងរួមគ្នាចំនួន ៦ពាន់អឺរ៉ូ ក្នុងការទទួលខុសត្រូវរដ្ឋប្បវេណីសម្រាប់ការខូចខាតខាងសីលធម៌ដល់កីឡាករបាល់ទាត់។
Vinicius Junior ត្រូវបានគេចាប់អារម្មណ៍នៅក្នុងប្រទេសអេស្ប៉ាញកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានហៅលីគបាល់ទាត់ La Liga របស់អេស្ប៉ាញថា មានការរើសអើងជាតិសាសន៍ក្រោយពីរូបគេត្រូវបានអ្នកគាំទ្ររើសអើងអំឡុងការប្រកួតរវាង Real Madrid ទល់នឹង Valencia កាលពីខែឧសភា។
ការប្រកួតនោះត្រូវបានផ្អាករយៈពេល ១០ នាទី ខណៈកីឡាករប្រេស៊ីលបានចង្អុលបង្ហាញពីអ្នកគាំទ្រដែលស្រែកពាក្យរើសអើងដាក់រូបគេ។ Vinicius Junior ក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយកីឡាករ Valencia មួយចំនួនរហូតរូបគេត្រូវបានបណ្តេញចេញពីទីលានទៀតផង។
យ៉ាងណា ចាប់តាំងពីពេលនោះមក ពិភពកីឡាបានបង្ហាញភាពសាមគ្គីជាមួយកីឡាករវ័យ ២៣ ឆ្នាំ ហើយរដ្ឋាភិបាលប្រេស៊ីលបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះអ្នកធ្វើទង្វើរើសអើងទាំងអស់នោះ។
កាលពីខែតុលា Vinicius Junior បានផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីនៅក្នុងការស៊ើបអង្កេតរបស់តុលាការប្រឆាំងនឹងអ្នកគាំទ្របីនាក់សម្រាប់ការចោទប្រកាន់ថា បានធ្វើកាយវិការរើសអើងជាតិសាសន៍មកលើរូបគេអំឡុងពេលការប្រកួតនៅ Valencia ។ Vinicius Junior ក៏ត្រូវបានកោះហៅឱ្យផ្តល់សក្ខីកម្មក្នុងករណីស្រដៀងគ្នា នៅកីឡដ្ឋាន Mallorca កាលពីខែកុម្ភៈផងដែរ៕