×

ខ្សែបម្រើ Jude Bellingham ថា ខ្លួនមានមោទកភាពបំផុតដែលបានឈ្នះពានរង្វាន់ Golden Boy Award

ខ្សែបម្រើ Jude Bellingham បានក្លាយជាម្ចាស់ពានរង្វាន់ កីឡាករបាល់ទាត់វ័យក្មេងឆ្នើម ប្រចាំឆ្នាំ ២០២៣ Golden Boy Award ខណៈការប្រគល់ពានរង្វាន់បានធ្វើឡើងនាទីក្រុងទូរីន ប្រទេសអ៊ីតាលី។

ការទទួលបានពានរង្វាន់ Golden Boy Award ឆ្នាំនេះគឺសមាជិកក្លិប Real Madrid បានទទួលសំឡេងគាំទ្រយ៉ាងច្រើនលើសលុប យកឈ្នះទាំង ខ្សែបម្រើ Jamal Musiala របស់ក្លិប Bayern Munich និង ខ្សែបម្រើ Xavi Simons ដែលកំពុងលេងខ្ចីជើងឱ្យក្លិប RB Leipzig ពីក្លិប Paris Saint-Germain។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញភាពល្អប្រសើររបស់ខ្លួន តាំងពីចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ដោយស៊ុតបាន ១១ គ្រាប់ក្នុង ១៣ ប្រកួតនៅក្របខណ្ឌ La Liga និងរកបន្ថែមបាន ៤គ្រាប់នៅពានរង្វាន់ UEFA Champions League ផងដែរ។

Jude Bellingham បានផ្លាស់ទៅ Real Madrid ដោយចាកចេញពីក្លិបអាល្លឺម៉ង់ Borussia Dortmund កាលពីខែមិថុនា ជាមួយតម្លៃខ្លួនប្រមាណ ១០៣ លានអឺរ៉ូ។ រូបគេគឺជាកីឡាករ Real Madrid ដំបូងគេហើយ ដែលបានឈ្នះពានរង្វាន់ Golden Boy Award នេះ។

នៅក្នុងឱកាសទទួលបានពានរង្វាន់ Jude Bellingham បានបង្ហាញពីអារម្មណ៍រីករាយរបស់ខ្លួនថា៖ “វាមានន័យណាស់ ខ្ញុំពិតជាអរគុណណាស់ដែលបានផ្តល់កិត្តិយសសម្រាប់ពានរង្វាន់នេះ។ ខ្ញុំក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយជ្រោមជ្រែងខ្ញុំ។ Real Madrid ផ្តល់ការគាំទ្រគឺធំធេងណាស់ ទាំងមិត្តរួមក្រុម បុគ្គលិកក្លិបទាំងអស់។ អរគុណច្រើនសម្រាប់ការជួយខ្ញុំ។”

សូមបញ្ជាក់ថា ពានរង្វាន់ Golden Boy Award ជាពានរង្វាន់ ដែលបង្កើតឡើងដោយសារព័ត៌មានអ៊ីតាលី Tuttosport កាលពីឆ្នាំ២០០៣ ដោយវាផ្តល់ឱកាសដល់អ្នកសារព័ត៌មានកីឡាទាំងអស់អាចធ្វើការបោះឆ្នោតជ្រើសរើសកីឡាករបាល់ទាត់វ័យក្មេងអាយុក្រោម២១ឆ្នាំ លេងនៅលីគកំពូលតំបន់អឺរ៉ុប ដែលបានបង្ហាញការលេងយ៉ាងល្អប្រចាំឆ្នាំ។

អ្នកឈ្នះពានរង្វាន់ Golden Boy Award ដំបូងគេគឺ ខ្សែបម្រើ Rafael van der Vaart ហើយបន្តបន្ទាប់មកក៏មានកីឡាករឆ្នើមៗជាច្រើនទៀតធ្លាប់ឈ្នះពានរង្វាន់នេះដែរដូចជា Wayne Rooney, Lionel Messi, Sergio Agüero, Paul Pogba, Kylian Mbappé និង Erling Haaland ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង