×

ក្រុមជម្រើសជាតិកាតាបញ្ចប់តំណែងគ្រូបង្វឹក Carlos Queiroz ក្រោយដឹកនាំតិចជាង១ឆ្នាំ

ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានបញ្ចប់តំណែងគ្រូបង្វឹកលោក Carlos Queiroz ក្រោយការដឹកនាំរយៈពេលតិចជាងមួយឆ្នាំ ខណៈរូបលោកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ ឆ្នាំដើម្បីបង្វឹកក្រុមជើងឯកអាស៊ី ស្របពេលប្រទេសនៅមជ្ឈិមបូព៌ាមួយនេះក៏ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Cup 2023 ផងដែរ។

អតីតគ្រូបង្វឹកក្រុម Real Madrid និងព័រទុយហ្គាល់ លោក Carlos Queiroz បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាតាជំនួសលោក Felix Sanchez កាលពីខែកុម្ភៈ បន្ទាប់ពីប្រទេសនេះធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA World Cup 2022។

សមាគមបាល់ទាត់កាតា QFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ” QFA បានប្រកាសថាការកាន់តំណែងរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Carlos Queiroz បានបញ្ចប់ហើយដោយមានការព្រមព្រៀងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។ QFA សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគ្រូបង្វឹក Queiroz ចំពោះការលះបង់ ភាពជាអ្នកដឹកនាំ និងការរួមចំណែកដែលមិនផ្លាស់ប្តូររបស់លោក អំឡុងពេលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាតា។ យើងសូមជូនពរឱ្យលោកទទួលបានជោគជ័យក្នុងការខិតខំប្រឹងប្រែងនាពេលអនាគត។”

លោក Carlos Queiroz បានដឹកនាំក្រុមកាតាការឈ្នះការប្រកួតលើក្រុមអាហ្វហ្គានីស្ថាន និង ឥណ្ឌា កាលពីខែវិច្ឆិកា ក្នុងជុំទីពីរនៃការប្រកួតជម្រុះបឋមនៅតំបន់អាស៊ីសម្រាប់ការប្រកួត FIFA World Cup 2026 ដោយក្រុមកាតាបានប្រដេញតាមយកកៅអីមួយក្នុងចំណោម៨កៅអី ដែលត្រូវបានផ្តល់ជូនសម្រាប់ក្រុមមកពីទ្វីបអាស៊ី នៅជុំចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោក ដែលបានដំឡើងដល់ ៤៨ ក្រុម។

កាតាបានឈ្នះពានរង្វាន់ Asian Cup ជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Felix Sanchez ក្នុងឆ្នាំ ២០១៩ ហើយប្រទេសនេះនឹងត្រូវការពារពានរង្វាន់នៅលើទឹកដីខ្លួននៅខែក្រោយ ពេលដែលពួកគេត្រូវបានចាប់ឆ្នោតជួបជាមួយចិន តាជីគីស្ថាន និងលីបង់ក្នុងវគ្គចែកពូល។

ប្រទេសនេះ កំពុងធ្វើជាម្ចាស់ផ្ទះជើងឯកទ្វីបអាស៊ី បន្ទាប់ពីម្ចាស់ផ្ទះដំបូងប្រទេសចិន បានបោះបង់ចោលសិទ្ធិដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង