×

ខ្សែប្រយុទ្ធ Lionel Messi ជាប់ជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time

ខ្សែប្រយុទ្ធ Lionel Messi បានជាប់ឈ្មោះជាអត្តពលិកឆ្នើមប្រចាំឆ្នាំ ២០២៣ របស់ទស្សនាវដ្តី Time បន្ទាប់ពីរូបគេ បានផ្លាស់ទៅកាន់ក្លិប Inter Miami នៅក្របខណ្ឌ Major League Soccer ។

 ក្រៅពីប្រធានក្រុមជម្រើសជាតិជាតិអាហ្សង់ទីន ដែលជាប់ឈ្មោះជាអត្តពលិកឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time អត្តពលិកផ្សេងទៀតដូចជាកីឡាការិនីផ្នែកកាយសម្ព័ន្ធ Simone Biles, កីឡាករហែលទឹកដ៏ល្បី Michael Phelps និងកីឡាករបាល់បោះដ៏ល្បី LeBron James ក៏ត្រូវបានជ្រើសរើសសម្រាប់ពានប្រចាំឆ្នាំនេះដែរ។ 

Messi បានបង្ហាញខ្លួនលើកដំបូងនៅក្នុងក្លិប Inter Miami កាលពីខែកក្កដា ហើយបន្ទាប់ពីគេបានចូលរួមជាមួយនឹងក្លិបនៅលីគកំពូលអាមេរិកនេះរួចមក រូបគេរកបានគ្រាប់បាល់ដំបូងដោយការស៊ុតបាល់ពិន័យ Freekick ក្នុងការប្រកួតលើកដំបូងរបស់គេ ហើយជួយក្រុមយកឈ្នះការប្រកួត។ ចាប់តាំងពេលនោះមក Messi បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលីគ Major League Soccer ។

ជាមួយវត្តមានកីឡាករម្ចាស់ជើងឯក World Cup 2022 ក្លិប Inter Miami បានប្រកួតប្រជែងឈ្នះពានរង្វាន់ League Cup ដែលជាពានរង្វាន់លើកដំបូងបំផុត ដោយបានយកឈ្នះក្រុម Nashville នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយដែល Messi ក៏រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី។ Messi រកបាន ១១គ្រាប់ពីការបង្ហាញខ្លួន ១៤លើក នៅរាល់ការប្រកួតដែលគេបានបង្ហាញខ្លួនក្នុងក្របខណ្ឌ MLS ហើយមិនតែប៉ុណ្ណោះ Messi ក៏ជាប់ឈ្មោះជាកីឡាករសម្រាប់រង្វាន់ MLS MVP award ផងដែរ។ 

កាលពីខែតុលា Messi បានឈ្នះពានរង្វាន់ដែលជាកំណត់ត្រាគឺ Ballon d’Or លើកទី៨ ក្នុងអាជីព ក្រោយគេជួយក្រុមអាហ្សង់ទីនឈ្នះ World Cup 2022 នៅក្នុងប្រទេសកាតា។

កីឡាករវ័យ៣៦ឆ្នាំ ដំបូងឡើយរូបគេត្រូវបានគេរំពឹងថានឹងអាចវិលត្រឡប់ទៅកាន់ក្លិប Barcelona ឬក៏អាចផ្លាស់ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត មុនពេលដែលគេបានសម្រេចចិត្តជ្រើសរើសយកក្លិប Inter Miami ដែលទទួលបានតម្លៃត្រឹម២២លានដុល្លារក្នុងមួយឆ្នាំ បូករួមជាមួយនឹងភាគហ៊ុនមួយចំណែករបស់ក្លិបនៅពេលដែលគេចូលនិវត្តន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង