ក្រុម Inter Miami របស់ខ្សែប្រយុទ្ធ Lionel Messi នឹងលេងពីរប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅដើមឆ្នាំ ២០២៤ រួមទាំងការប្រកួតជាមួយក្រុម Al-Nassr ដែលមានគូរប្រជែងយូរឆ្នាំរបស់ Messi គឺ ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងប្រកបអាជីពនៅទីនោះផងដែរ។ នេះបើតាមការប្រកាសឱ្យដឹងពីក្រុម Inter Miami ។
ជាការពិត Inter Miami នឹងត្រូវធ្វើដំណើរប្រកួតទេសចរណ៍មុនបើករដូវកាលថ្មីរបស់ខ្លួន ដោយពួកគេនឹងចូលរួមការប្រកួតពានរង្វាន់ Riyadh Season Cup ដែលជាការប្រកួតមិត្តភាពវិលជុំរបស់ក្រុមចំនួន៣ ដែលមានក្រុម Inter Miami, Al-Hilal និង Al-Nassr ។ នេះគឺជាផ្នែកមួយនៃដំណើរទេសចរណ៍អន្តរជាតិលើកដំបូងរបស់ក្រុម Inter Miami ដែលនឹងរួមបញ្ចូលការធ្វើដំណើរទៅកាន់សាធារណរដ្ឋ El Salvador និងទីក្រុងហុងកុង ផងដែរ។
ក្រុម Inter Miami គ្រោងនឹងប្រកួតជាមួយក្រុម Al-Hilal នៅកីឡដ្ឋាន Kingdom Arena ក្នុងទីក្រុង Riyadh នៅថ្ងៃទី ២៩ ខែមករា មុនពេលជួបក្រុម Al-Nassr នៅកីឡដ្ឋានដដែលនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៤។
ដំណឹងនៃការប្រកួតរបស់ក្រុម Inter Miami ទល់នឹងក្រុម Al-Nassr បានក្លាយជាភាពកក្រើកក្នុងពិភពបាល់ទាត់ ព្រោះវានឹងក្លាយជាការជួបគ្នាលើទីលានសាជាថ្មីរវាងគូប្រជែងយូរឆ្នាំ Lionel Messi និង Cristiano Ronaldo ។
ការជួបគ្នាចុងក្រោយរវាងកំពូលខ្សែប្រយុទ្ធទាំងពីរកើតឡើងកាលពីខែមករា ដើមឆ្នាំនេះ ពោលគឺនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាង PSG គ្រាដែល Messi ប្រកបអាជីពនៅបារាំងទល់នឹងក្រុមអារ៉ាប់ All Star ដែលត្រូវជ្រើសរើសចេញពីក្រុម Al Nassr និងក្រុម Al Hilal នៅទីក្រុង Riyadh ទឹកដីអារ៉ាប៊ីសាអ៊ូឌីត ដែលបានបញ្ចប់ទៅដោយ PSG យកឈ្នះដោយលទ្ធផល ៥-៤ ។
Messi និង Ronaldo បានប្រឈមមុខដាក់គ្នាច្រើនជាង ៣០ ដងក្នុងអាជីពរបស់ពួកគេ ហើយកីឡាករទាំងពីរបើរួមបញ្ចូលគ្នាទៅគឺបានឈ្នះពានរង្វាន់កំពូលកីឡាករឆ្នើម Ballon d’Or ដល់ទៅ១៣គ្រឿងឯណោះ ដោយក្នុងនោះ Messi ឈ្នះ៨ដងនាំមុខ Ronaldo ដល់ទៅ៣ដង។
គួររំលឹកថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានផ្លាស់ពីក្រុម PSG មកចូលរួមជាមួយនឹងក្រុម Inter Miami កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ជាមួយនឹងកុងត្រារយៈពេល២ឆ្នាំ ខណៈដែលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានចេញពីក្រុម Manchester United ទៅចូលរួមជាមួយនឹងក្រុម Al Nassr កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លើកុងត្រារហូតដល់ឆ្នាំ ២០២៥៕