សហព័ន្ធកីឡាបាល់ទាត់តួកគី TFF បានផ្អាកការប្រកួតលីគទាំងអស់ ក្រោយពីកើតមានភាពចលាចលនិងភាពអាម៉ាសចំពោះបាល់ទាត់ប្រទេសនេះ បន្ទាប់ពីប្រធានក្លិប Ankaragucu លោក Faruk Koca បានដាល់អាជ្ញាកណ្តាលចំមុខនៅចុងបញ្ចប់នៃការប្រកួតទល់នឹងក្រុម Rizespor ។
លោក Faruk Koca បានចូលទៅក្នុងទីលាន ហើយវាយអាជ្ញាកណ្តាល លោក Halil Umut Meler នៅពេលដែលសំឡេងផ្លុំកញ្ចែចុងក្រោយ បន្ទាប់ពីក្រុម Rizespor រកបានគ្រាប់បាល់តាមស្មើក្នុងលទ្ធផល ១-១ នៅនាទីទី ៩៧ នៅកីឡដ្ឋាន Eryaman កាលពីថ្ងៃចន្ទ។
អ្នកគាំទ្រក្រុម Ankaragucu បានលុកលុយទីលាន បន្ទាប់ពីការប្រកួត ហើយលោកអាជ្ញាកណ្តាល Meler ក៏ត្រូវបានវាយប្រហារនៅពេលរូបលោកដួល បន្ទាប់ពីរងការដាល់ថែមទៀត។ លោក Meler ត្រូវបាននាំទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយមានជំនួយពីក្រុមប៉ូលីស។
ជុំវិញរឿងនេះ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមដោយបន្ថែមថា មនុស្សពីរនាក់ត្រូវបានឃុំខ្លួនរួចហើយជាផ្នែកមួយនៃការស៊ើបអង្កេតរបស់តុលាការលើឧប្បត្តិហេតុដែលបានកើតឡើង។
លោកអាជ្ញាកណ្តាល Meler Halil Umut វ័យ ៣៧ ឆ្នាំ ធ្លាប់ជាអាជ្ញាកណ្តាលរបស់ FIFA ចាប់តាំងពីឆ្នាំ ២០១៧ មក និងបានចូលកាត់ក្តីក្នុងការប្រកួតវគ្គចែកពូលនៃក្របខណ្ឌ UEFA Champions League របស់ Lazio ជាមួយក្រុម Celtic នៅថ្ងៃទី ២៨ ខែវិច្ឆិកា កន្លងទៅ។
អាជ្ញាកណ្តាលបាល់ទាត់ នៅក្នុងប្រទេសតួកគីតែងតែរងការរិះគន់ដោយប្រធានក្លិបបាល់ទាត់នានា សម្រាប់ការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែពួកគេកម្រក្លាយជាគោលដៅនៃការវាយប្រហារដោយហិង្សាណាស់។
ដោយឡែក ក្រោយកើតមានរឿងរ៉ាវ នេះ TFF បានជ្រើសរើសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដែលខ្លួនសង្ឃឹមថានឹងដឹកនាំបាល់ទាត់តួកគីឱ្យក្លាយជាកន្លែងដែលមានសុវត្ថិភាពជាងមុន៕