អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងក្លិប Juventus កីឡាករ Giorgio Chiellini បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីព ក្នុងវ័យ ៣៩ឆ្នាំ។ នេះបើតាមការប្រកាសឱ្យដឹងពីសាមីកីឡាករ។
Chiellini បានធ្វើជាប្រធានក្រុមអ៊ីតាលី និងបានដឹកនាំក្រុមឈ្នះក្រុមជម្រើសជាតិអង់គ្លេស នៅវគ្គផ្តាច់ព្រ័ត្រ UEFA Euro 2020 ដោយការទាត់បាល់កាត់សេចក្តី ១១ ម៉ែត្រ ដែលនោះគឺជាការគ្រងជើងឯកទ្វីបអឺរ៉ុបជាលើកទី២របស់ពួកគេ។
Chiellini បានអះអាងថា ពេលវេលាដែលរូបគេប្រកួតប្រជែងលើវាលស្មៅរយៈពេល២៣ឆ្នាំមកនេះបានមកដល់ទីបញ្ចប់ ហើយវាជាពេលវេលាដ៏ស្រស់ស្អាតបំផុតនៅក្នុងដំណើរផ្សងព្រេងនៃជីវិតរបស់គេ។
កីឡាករដែលដុះដាលចេញពីក្លិប Livorno បានចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមួយក្លិប Roma ហើយជោគជ័យរបស់គេបានកើតឡើងក្នុងការលេងជាមួយក្លិប Juventus ជាទីដែលរូបគេបង្ហាញខ្លួនចំនួន ៥៦១ដង ស៊ុតបាន៣៦គ្រាប់ និង បានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបសេះបង្កង់ ដូចជាពាន Serie A ៩ដង Coppa Italia ៥ដង និង Supercoppa Italiana ៥ដង។
Giorgio Chiellini បានបន្តអាជីពរបស់ខ្លួនជាមួយក្លិប Los Angeles FC នៅលីគកំពូលអាមេរិក ដោយបានបង្ហាញខ្លួន៤៥ដង ស៊ុតបញ្ចូលទីបាន១គ្រាប់ មុនពេលប្រកាសចូលនិវត្តន៍នៅពេលនេះតែម្តង។
ខ្សែការពារកណ្តាលរូបនេះលេងបាន ១១៧ ដងសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងស៊ុតបញ្ចូលទីបាន៨គ្រាប់ផងដែរ។
នៅជុំវិញការប្រកាសចូលនិវត្តន៍របស់ Giorgio Chiellini នេះដែរ ក្លិប Juventus បានបង្ហាញការគោរពដល់អតីតកីឡាកររបស់ខ្លួនដោយនិយាយថា Chiellini គឺជាកីឡាករអស្ចារ្យ ហើយរូបគេនឹងនៅតែស្ថិតក្នុងការចងចាំរបស់ក្លិបជានិច្ច៕