មានការរាយការណ៍ថា ក្លិប Real Madrid កំពុងរៀបចំក្នុងការផ្តល់ជូនសំណើជាអចិន្ត្រៃយ៍សម្រាប់ខ្សែប្រយុទ្ធ Joselu នៅរដូវក្តៅខាងមុខ ពេលដែលកុងត្រាខ្ចីជើងរបស់គេត្រូវបញ្ចប់។
កីឡាករវ័យ ៣៣ឆ្នាំ បានចុះហត្ថលេខាមកក្នុងលក្ខខណ្ឌខ្ចីជើងពី Espanyol កាលពីទីផ្សារដូវក្តៅកន្លងទៅ និងបានចូលលេងជាទៀងទាត់សម្រាប់ក្រុមចាប់តាំងពីពេលនោះមក។
Joselu រកបាន ៥ គ្រាប់ និង ចែកបាល់សម្រេចទី ២ លើករួចមកហើយ ក្នុងការបង្ហាញខ្លួនសរុប ១៦ ប្រកួត នៅ La Liga រដូវកាលនេះ ស្របពេលគេក៏អាចរកបាន ៣ គ្រាប់ក្នុងការបង្ហាញខ្លួន៥ លើកនៅ Champions League រួមទាំងការស៊ុតបញ្ចូលទី២ គ្រាប់ក្នុងជ័យជម្នះ ៣–២ លើក្រុម Union Berlin ផងដែរ។
ឥឡូវនេះ ក្លិប Real Madrid គ្រោងនឹងនាំយក Joselu ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ពី Espanyol នៅឆ្នាំក្រោយ នៅពេលដែលបញ្ហារបួសរបស់ Vinicius Junior នៅរដូវកាលនេះ បានមើលឃើញថា Joselu កំពុងកាន់តួនាទីយ៉ាងសំខាន់នៅក្នុងក្រុម៕