
គ្រូបង្វឹកក្រុម Fluminense លោក Fernando Diniz បានបង្ហាញការជឿជាក់ថា ក្រុមខ្លួន នឹងអាចទទួលបានជ័យជម្នះទៅលើក្រុមអេស្ស៊ីប Al-Ahly នៅក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup ។
ជាការពិត Fluminense ដែលជាក្រុមជើងឯកពានរង្វាន់ទ្វីបអាមេរិកខាងត្បូង Copa Libertadores នឹងត្រូវជួបជាមួយ Al-Ahly ដែលក្រុមជើងឯកពានរង្វាន់ទ្វីបអាហ្វ្រិក CAF Champions League នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA Club World Cup។
មុនការប្រកួតចូលមកដល់ លោក Fernando Diniz បានអះអាងថា ក្រុមរបស់ខ្លួនត្រូវបានបង្កើតឡើងដោយបានចម្រាញ់យកកីឡាករល្អៗអស់ពីសមត្ថភាព រួមទាំងមានកីឡាករជើងចាស់ ទេពកោសល្យ ដូចជាអតីតខ្សែការពារឆ្វេងរបស់ Real Madrid, Marcelo ដែលបានចាកចេញពីប្រទេសអេស្ប៉ាញមកចូលរួមជាមួយ Fluminense។ បន្ថែមពីនេះ កីឡាករផ្សេងៗទៀតដូចជា Felipe Melo Keno, Ganso, Fabio និង German Cano សុទ្ធតែជាកម្លាំងសំខាន់ ដែលជួយក្រុមក្នុងការប្រកួតដែលនឹងចូលមកដល់នាពេលឆាប់ៗ។
លោក Fernando Diniz បានអោយដឹងដូច្នេះថា៖ “ខ្ញុំគិតថាអ្វីដែលជាការសម្គាល់ Fluminense នោះគឺកីឡាករមានសមត្ថភាពក្នុងការធ្វើការច្រើន។ ការអាចមកលេង FIFA Club World Cup ជាអ្វីដែលយើងបានព្យាយាមធ្វើជារៀងរាល់ថ្ងៃចាប់តាំងពីខ្ញុំបានមកដល់ Fluminense។ វាជាសុបិនដែលយើងសម្រេចបាន ហើយការឈានមកដល់ចំណុចនេះ យើងនឹងកាន់តែខិតខំ ក្នុងការប្រកួតដើម្បីនាំយកជ័យជំនះ មកទាល់តែបាន។”
នេះគឺជាលើកដំបូងដែល Fluminense បានឡើងមកកាន់ពានរង្វាន់ FIFA Club World Cup បន្ទាប់ពីបានឈ្នះពានរង្វាន់កំពូលនៅទ្វីបរបស់ខ្លួនគឺពានរង្វាន់ Copa Libertadores លើកដំបូងរបស់ពួកគេក្នុងប្រវត្តិសាស្ត្រក្លិប ក្រោយយកឈ្នះក្លិប Boca Juniors ២-១ កាលពីពេលកន្លងទៅ។
សូមបញ្ជាក់ថា ការប្រកួតរវាង Fluminense និង Al-Ahly នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន King Abdullah Sports City ស្ថិតនាទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕