ក្រុមប្រេស៊ីល Fluminense បានបន្តឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ FIFA Club World Cup ក្រោយពីយកឈ្នះក្រុមអេស្ស៊ីប Al Ahly នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០ ខណៈការប្រកួតធ្វើឡើងនាកីឡដ្ឋាន King Abdullah Sports City ស្ថិតនាទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ខ្សែបម្រើ Jhon Arias ជាអ្នកទម្លុះសំណាញ់ទីគ្រាប់បាល់បើកឆាក និង ជាគ្រាប់នាំមុខទី១របស់ក្រុម Fluminense ម្ចាស់ជើងឯកពានរង្វាន់ Copa Libertadores តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី ៧១ បន្ទាប់ពីមិនមានគ្រាប់បាល់កើតឡើងនៅ ៤៥នាទីដំបូងរួចមក។ អូសបន្លាយមកដល់នាទី៩០ ទើបខ្សែប្រយុទ្ធ John Kennedy បានរកគ្រាប់បាល់បាន១គ្រាប់ទៀតសម្រាប់ក្រុម Fluminense ដើម្បីបញ្ចប់ការប្រកួតដោយជ័យជម្នះទៅលើក្រុម Al Ahly ដែលជាម្ចាស់ជើងឯកពានរង្វាន់ CAF Champions League ។
ការទទួលបានជ័យជម្នះបែបនេះ ត្រូវបានគ្រូបង្វឹក Fluminense លោក Fernando Diniz ធ្វើការសាទរដល់កីឡាករខ្លួន និង ថាពួកគេកំពុងសាងប្រវត្តិសាស្ត្រថ្មី នៅក្នុងពានរង្វាន់ FIFA Club World Cup ។
បុរសវ័យ ៤៩ឆ្នាំ បានឱ្យដឹងក្រោយចប់ការប្រកួតដូច្នេះថា៖ “ម្តងទៀតហើយ ដែលពួកយើងបានទទួលជោគជ័យនៅក្នុងការប្រកួត។ ខ្ញុំពិតជាពេញចិត្ត ការលេងរបស់កីឡាករខ្ញុំ ហើយពួកយើងកំពុងសាងប្រវត្តិសាស្ត្រថ្មីនៅទីនេះ។ ចាប់ពីពេលនេះ យើងនឹងចាប់ផ្តើមគូសវាសជំហានបន្ទាប់របស់យើង ហើយយើងរំពឹងការប្រកួតដ៏អស្ចារ្យមួយ នៅវគ្គផ្តាច់ព្រ័ត្រ។”
ឈ្នះ Al Ahly មានន័យថា Fluminense នឹងបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំជួបអ្នកឈ្នះរវាង Manchester City របស់អង់គ្លេស ម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League និង Urawa Red Diamonds របស់ជប៉ុន និងជាម្ចាស់ជើងឯកពានរង្វាន់ AFC Champions League ។ ចំណែកឯ Al Ahly នឹងត្រូវទៅប្រកួតស្វែងចំណាត់ថ្នាក់លេខ៣ ជាបន្តទៀត៕