×

FIFA Club World Cup ចាប់ពីឆ្នាំ២០២៥ នឹងកែប្រែការប្រកួតឱ្យមាន ៣២ ក្រុម

ការប្រកួត FIFA Club World Cup ដែលមាន ៣២ ក្រុមជាលើកដំបូងឆ្នាំ ២០២៥ នឹងរៀបចំនៅទឹកដីអាមេរិក ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ។

ព្រឹត្តិការណ៍ Club World Cup នឹងមានក្លិបមកពីសហព័ន្ធចំនូន ៦ ក្នុងនោះទ្វីបអឺរ៉ុប UEFA មាន១២ក្រុមច្រើនជាងគេ។ Chelsea, Real Madrid និង Manchester City មានកៅអីស្វ័យប្រវត្តិ ដ្បិតឈ្នះ UEFA Champions League នៅរយៈពេល ៤ ឆ្នាំចុងក្រោយ។ Arsenal នឹងត្រូវចូលដែរ ប្រសិនបើពួកគេឈ្នះ Champions League នៅរដូវកាលនេះ។

Bayern Munich, Paris St-Germain, Inter Milan, Porto និង Benfica ក៏ទទួលបានកៅអីនៅក្នុងការប្រកួតឆ្នាំ ២០២៥ ផងដែរ។

ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីពេលកន្លងទៅ។

លោក Infantino បានឱ្យដឹងដូច្នេះថា៖ “នៅឆ្នាំ ២០២៥ យើងនឹងមានការប្រកួតថ្មី ដែលជាការប្រជែងគ្រងតំណែងជើងឯកពិភពលោកក្លិបល្អបំផុត ជាមួយនឹងពានរង្វាន់ផ្តល់ដោយ FIFA ។ ការប្រកួតថ្មីនេះ នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៥។ វានឹងជាទម្រង់ប្រកួតថ្មី ដែលយើងនឹងឃើញការប្រកួតដ៏អស្ចារ្យរបស់ក្លិបនានានៅជុំវិញពិភពលោកនេះ។”

សូមបញ្ជាក់ថា FIFA Club World Cup ដែលបង្កើតដំបូងនៅឆ្នាំ២០០០ ដោយរៀបចំរៀងរាល់ឆ្នាំ មានក្រុមចូលរួមចន្លោះពី៦ ទៅ១២ក្រុមប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២៣។ ឆ្នាំ២០២៣ ដែលអារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើម្ចាស់ផ្ទះ មាន៧ក្រុមចូលរួម។ ចាប់ពីឆ្នាំ២០២៥ តទៅនឹងមាន៣២ក្រុមចូលរួម ហើយធ្វើរៀងរាល់២ឆ្នាំម្តង។

Real Madrid ជាក្រុមម្ចាស់ការពារតំណែងជើងឯក និងជាក្រុមជោគជ័យជាងគេសម្រាប់ពានរង្វាន់នេះ ដោយគ្រងជើងឯក៥សម័យរួចមកហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង