មួយរយៈចុងក្រោយនេះ មានការចាប់អារម្មណ៍ខ្លាំងទៅលើអ្នកលេងពូថៅដៃ ធឿន ធារ៉ា ត្រូវបានផ្គូផ្គងជាមួយកីឡាករ Ricard Bravo ឱ្យប្រកួតគ្នាលើសង្វៀនគុនខ្មែរ តែទោះជាយ៉ាងណាមកទល់ពេលនេះ ការប្រកួតរបស់ភាគីទាំងពីរ ទំនងជាមិនអាចកើតឡើងបាននៅឡើយ។
ខណៈកំពុងមានការឆ្លើយឆ្លងគ្នាទៅវិញទៅមកនៅលើបណ្ដាញសង្គមរវាង ធារ៉ា និង Bravo បងប្អូនអ្នកស្នេហាគុនខ្មែរ កំពុងរង់ចាំមើលការបញ្ចេញសមត្ថភាពរបស់ ធារ៉ា នៅលើទីលានវាលស្មៅវិញម្ដង ដោយធារ៉ាគឺជាសមាជិកនៃក្រុមបាល់ទាត់គុនខ្មែរ ដែលនឹងត្រូវប្រកួតទល់នឹងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលដឹកនាំដោយនាយ ពែកមី ក្នុងជំនួបមិត្តភាពសប្បុរសធម៌ដ៏ធំមួយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃសុក្រ ទី២២ ខែធ្នូ ចាប់ពីម៉ោង ៦ល្ងាចតទៅ។
ការប្រកួតដ៏ពិសេសមួយនេះ នឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុក CBS Sports ផងដែរ។ ដូច្នេះ អ្នកគាំទ្រ ធឿន ធារ៉ា ក៏ដូចជាអ្នកលេងគុនខ្មែរ និងបុគ្គលិកល្បីៗក្នុងវិស័យនេះ អាចចូលរួមទស្សនាដោយសេរី នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕